នំពេញ៖ តាមរយៈអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើង អំពីសមិទ្ធផលស្នាដៃជាទីមោទន របស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានអនុវត្តរយៈពេលជាង៦ខែកន្លងមកនេះ សម្រេចបានសមិទ្ធផលធំៗ២សំខាន់ៗ រួមមាន ទី១ការប្រព្រឹត្តទៅនូវការបោះឆ្នោតព្រឹទ្ធសភា ដោយរលូន សេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវ និងតម្លាភាព និងទី២ បណ្តាសកម្មភាពសំខាន់ៗ នៃការដាក់ចេញ គោលនយោបាយអទិភាព ចំនួន៦ ។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ មុននឹងឈានចូលដល់របៀបវារៈ សំខាន់ៗនៃកិច្ចប្រជុំ ឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង អំពីសមិទ្ធផល ដែលជាស្នាដៃថ្មី កកើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំ របស់សម្តេចធិបតីផ្ទាល់ រយៈពេល៦ខែកន្លងមកនេះ អំពីបណ្តាសកម្មភាពសំខាន់ៗ នៃការដាក់ចេញ គោលនយោបាយអទិភាព ចំនួន៦ ដោយចំណុច១ នៅក្នុងចំណុចជា ច្រើនទៀត ពាក់ព័ន្ធនឹងការពង្រីក របបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល ត្រូវបានគ្រប់ដណ្តប់លើ ប្រជាពលរដ្ឋកម្ពុជា ចំនួន ៦.៨លាននាក់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “៦ខែនេះ រដ្ឋាភិបាលបាន ធ្វើទៅលើកិច្ចការអ្វីខ្លះ ជាពិសេសពាក់ព័ន្ធ ទៅនឹងវឌ្ឍន៍ភាព នៃការដាក់ចេញនូវគោលនយោបាយអទិភាព និងវិធានការគន្លឹះរបស់យើង នៅក្នុងរយៈពេលប៉ុន្មានខែនេះ ។ កិច្ចការសំខាន់ទី១ គឺការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤ ដោយមានគណៈបក្ស៤ ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួម រហូតដល់៨៩.៨៦% លទ្ធផលនេះ បានបង្ហាញអំពីចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាព នៃការអភិវឌ្ឍនលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអបអរសាទរ ចំពោះជ័យជំនះនៃការបោះឆ្នោត និងបានវាយតម្លៃខ្ពស់ ព្រមទាំងបានអរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានសហការចូលរួម និងញាំងឲ្យព្រឹត្តិការណ៍ជាតិ ដ៏សំខាន់មួយនេះ ប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវ និងតម្លាភាព ។
ជាមួយនឹងកិច្ចការសំខាន់ទី២ គឺបណ្តាសកម្មភាពសំខាន់ៗ របស់រាជរដ្ឋាភិបាល រយៈពេលជាង៦ខែ ក ន្លងមកនេះ ទី១ ការដាក់ចេញនូវគោលនយោបាយអទិភាព ចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាជន និងសង្គមជាតិ សេដ្ឋកិច្ច ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ឲ្យដឹងថា “ជាលទ្ធផល យើងសម្រេចបាន ទី១ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌ សុខាភិបាល ការងារនេះ គឺជាការងារដែលយើង ធ្វើបន្តពីអាណត្តិមុនៗ ហើយមកដល់ម៉ោងនេះ ក្នុងរយៈពេល៦ខែដំបូងនេះ យើងបានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល ទៅគ្រប់ដណ្តប់ប្រជាពលរដ្ឋ ៦.៨លាននាក់” ។
បើតាមការលើកឡើងរបស់សម្តេចធិបតី ពលរដ្ឋ៦.៨នាក់ ត្រូវបានរាប់បញ្ចូល ចាប់ពីសមាជិក ប.ស.ស. ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្ត សរុបជាង២លាន១សែននាក់ ។ មូលនិធិសមធម៌ សម្រាប់ប្រជាជន និងគ្រួសារងាយរងហានិភ័យ ចំនួន ៤៩ម៉ឺនគ្រួសារ ស្មើនឹង១លាន៨សែននាក់ ។ មូលនិធិសមធម៌ប្រជាជន សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារក្រីក្រ ដែលហៅថា ក្រ១ ក្រ២ មាន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន ២លាន៨សែននាក់ និងការពង្រីកនូវការគ្រប់ដណ្តប់ របបសន្តិសុខសង្គម ជូនទៅដល់ក្រុមប្រជាជន នៅក្នុងសេដ្ឋកិច្ចក្រៅប្រពន្ធ ជាង១០ម៉ឺននាក់ផងដែរ៕
0 comments:
Post a Comment