មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង កាលពីថ្ងៃពុធ ទី២៣ ខែតុលា បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញការស្វាគមន៍ ចំពោះសំណើរបស់ក្រុមមេដឹកនាំ BRICS ដែលចង់ជួយសម្រុះសម្រួលជម្លោះអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅព្រឹត្តិការណ៍កិច្ចប្រជុំកំពូល BRICS ថា ប្រទេសជាច្រើនបានបង្ហាញបំណង ចង់ចូលរួមចំណែក ឱ្យសកម្មជាងមុន ក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះ នៅអ៊ុយក្រែន។ បើតាមលោក Peskov អំឡុងកិច្ចពិភាក្សាលក្ខណៈឯកជន ជាមួយបណ្តាមេដឹកនាំដទៃទៀត លោក ពូទីន ក៏បានគូសរំលេចផងដែរ អំពីភាពរីកចម្រើននៅលើសមរភូមិ សម្រាប់កងកម្លាំងរុស្ស៉ី។
គួរបញ្ជាក់ថា កាលពីថ្ងៃដដែល ថ្លែងនៅចំពោះមុខក្រុមមេដឹកនាំ BRICS ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា វាចាំបាច់ខ្លាំងណាស់ ដែលមិនត្រូវឱ្យការប្រយុទ្ធគ្នាកើនឡើង ក្នុងសង្រ្គាមអ៊ុយក្រែនឡើយ។
លោក ស៉ី បានសង្កត់ធ្ងន់ដូច្នេះថា «ស្របពេលវិបត្តិអ៊ុយក្រែនបន្តអូសបន្លាយ ពួកយើងចាំបាច់ត្រូវគោរពតាមគោលការណ៍ ៣សំខាន់ៗ នោះគឺកុំឱ្យសង្រ្គាមរីករាលដាល, កុំឱ្យការប្រយុទ្ធគ្នាកើនឡើង និងកុំបន្ថែមប្រេងទៅលើភ្លើង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ទៅវិញ ឱ្យបានឆាប់តាមតែអាចធ្វើបាន»៕
0 comments:
Post a Comment