មណ្ឌលគិរី÷ប្រជាពលរដ្ឋបានរាយការណ៍អោយក្រុមអ្នកយកព័ត៌មានយើងដឹងថា ចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំចិន នឹងវៀតណាម រហូតមកដល់បច្ចុប្បន្ននេះ ក្រុមឈ្មួញបានឈ្លៀតឱកាសលួចចល័តយកគ្រឿងចក្រចូលឈួសឆាយ វ៉ៃដីព្រៃផ្តួលរំលំឈើយ៉ាងអណាធិបតេយ្យ ដែលមានទំហំរាប់ពាន់ហិកតា គឺចាប់តាំងពីព្រំប្រទល់ ខេត្តមណ្ឌលគិរី រហូតដល់ព្រំប្រទល់ខេត្តរតនគិរីក្នុងចំណុចភូមិអូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ។
ក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញបានយកគ្រឿងចក្រអ៊ិចស្ការវ៉ាទ័រ និងអាប៊ុល ចូលរុញផ្តួលរំលំព្រៃឈើបន្តទៀតនោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអ្នកយកព័ត៌មានយើងជាច្រើនអង្គភាពបានចូលទៅកាន់តំបន់ខាងលើនោះ ដោយបានជួបប្រទះ(អាប៊ុល)មួយគ្រឿង និងអ៊ិចស្ការវ៉ាទ័រ ចំនួន០២គ្រឿង ដែលកំពុងឈួសឆាយវ៉ៃព្រៃផ្តួលរំលំព្រៃឈើយ៉ាងអនាធិបតេយ្យ ។ ប៉ុន្តែក្នុងសកម្មភាពនេះ ត្រូវបានពួកគេបានផ្អាកវិញ ខណៈដែលក្រុមអ្នកយកព័ត៌មានយើងបានចុះទៅដល់ទីតាំងខាងលើនេះ ។
ដោយឡែកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលម៉ិញនេះ ប្រជាពលរដ្ឋបានរាយការណ៍មកអ្នកយកព័ត៌មានយើងបន្តទៀតថា ក្រុមឈ្មួញបានបន្ថែមយកគ្រឿងចក្រចូលទៅវ៉ៃដីព្រៃចំនួន០៣គ្រឿងបន្តទៀតហើយ ដោយមានការវ៉ៃព្រៃទាំងយប់ទាំងថ្ងៃ ព្រោះដោយហេតុថា រឿងនេះបានបែកធ្លាយដល់ក្រុមអ្នកសារព័ត៌មានយើង ។
គួររំលឹកផងដែរថា ពាក់ព័ន្ធទៅនឹងការវ៉ៃដីព្រៃកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២ ខណៈដែលក្រុមអ្នកសារ
ព័ត៌មានយើងចុះទៅដល់ចំណុចទីតាំងខាងលើ ហើយបានធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទជូន លោកអភិបាលស្រុកកោះញ៉ែក ដោយលោកអភិបាលស្រុកកោះញ៉ែក លោកឌឹម នី មានប្រសាសន៍ថា រវល់ប្រជុំ ។ រីឯលោកនាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញ៉ែក លោកក៏បាន បញ្ជាក់ប្រាប់មកវិញដែរថា លោកឈឺជាងកន្លះខែមកហើយ ក្នុងរឿងនេះលោកមិនបានដឹងនោះទេ ។ចំណែកលោក សុង ឃាងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីឆ្លើយថា លោកមិនដឹងទេដោយលោកមិនទាន់ទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន។លោកថា ចាំអោយកម្លាំងចុះទៅជាមួយអាជ្ញាធរដល់ទីតាំងនោះ។
ប៉ុន្តែក្នុងរឿងនេះ ក្នុងរយៈពេលប្រហែល០៣ម៉ោងក្រោយមកបានបែកការដល់ក្រុមឈ្មួញ ត្រូវពួកគេអោយបើកចល័តគ្រឿងចក្រអាប៊ុល នឹងអាអ៊ិចចំនួនបីគ្រឿងនោះរត់ពីកន្លែងទីតាំងឈួសឆាយរុញព្រៃផ្តួលរំលំឈើដោយសុវត្តិភាព ។ ចំណែកមេការមើលខុសត្រូវគ្រឿងចក្រឈួសឆាយដីព្រៃ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានយើងថា ពាក់ព័ន្ធនឹងច្បាប់ឈួសឆាយគឺមាន នៅលោក រតនា ជានាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។ ប៉ុន្តនៅពេលអ្នកយកព័ត៌មានយើងបានសួរទៅលោក នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរីរូបនោះ ត្រូវលោក ធ្វើការបដិសេធ ។
ដោយឡែក លោក តាយ សេង ដែលគេស្គាល់ថា ជានាយកក្រុមហ៊ុនតាយ សេងអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយ ក្នុងរយៈពេលពីថ្ងៃនេះ ដោយទូរស័ព្ទចូលគ្មានអ្នកលើកទទួល ។
ចំណែក ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តអ្នកយកព័ត៌មានយើងមិនទាន់អាចសុំការពន្យល់ណាមួយបានឡើយ ព្រោះព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះឯកឧត្តមទៅចូលរួមក្នុងកម្មវិធីសម្ពោធផ្លូវ ស្ពាននៅខេត្តក្រចេះ៕