ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងទ័ពរុស្ស៊ីត្រូវតែរៀនពី និងដោះស្រាយបញ្ហាដែលខ្លួនបានរងទុក្ខនៅអ៊ុយក្រែន ហើយបានសន្យាថានឹងផ្តល់ឱ្យយោធានូវអ្វីដែលខ្លួនត្រូវការ ដើម្បីសង្រ្គាមរយៈពេល 10 ខែកន្លងមកនេះ។
នៅក្នុងសុន្ទរកថាក្នុងអំឡុងពេលកិច្ចប្រជុំតាមទូរទស្សន៍ជាមួយមន្ត្រីយោធាជាន់ខ្ពស់នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ លោក ពូទីន បាននិយាយថា មិនមានការកំណត់ផ្នែកហិរញ្ញវត្ថុលើអ្វីដែលរដ្ឋាភិបាលនឹងផ្តល់សម្ភារៈយុទ្ធភណ្ឌសម្រាប់បន្តសង្គ្រាមនៅអ៊ុយក្រែន។
លោក ពូទីន និយាយថា”យើងមិនមានការកម្រិតថវិកាទេរដ្ឋាភិបាលកំពុងផ្តល់អ្វីគ្រប់យ៉ាងដែលកងទ័ពទាមទារ”។
លោកបន្តថា “ខ្ញុំស្នើឱ្យក្រសួងការពារជាតិយកចិត្តទុកដាក់ចំពោះគំនិតផ្តួចផ្តើមរបស់ជនស៊ីវិលទាំងអស់ រួមទាំងការគិតគូរដល់ការរិះគន់ និងឆ្លើយតបឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា”។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានស្នើឱ្យបង្កើនចំនួនបុគ្គលិកប្រយុទ្ធនៅក្នុងកងទ័ពរុស្ស៊ីនៅអ៊ុយក្រែនដល់ ១,៥ លាននាក់ផងដែរ។
គួរបញ្ជាក់ថា ការវាយលុករបស់អ៊ុយក្រែន ដោយមានការគាំទ្ររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរុញច្រានកងកម្លាំងរុស្ស៊ីចេញពីផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន រួមទាំងទីក្រុង Kherson ដែលជារដ្ឋធានីក្នុងតំបន់ដំបូង និងតែមួយគត់ដែលត្រូវបានកាន់កាប់ដោយទីក្រុងម៉ូស្គូក្នុងរយៈពេលជិត 10 ខែនៃជម្លោះមកនេះ៕