ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញបើកអង្គ សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីលក្ខខ័ណ្ឌ ប្រភេទ និងកម្រិតពិការភាពសម្រាប់ក្រុមប្រឹក្សាវាយតម្លៃពិការភាពមកពីមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល រាជធានីខេត្តចំនួន១០ មន្ទីរពេទ្យជាតិចំនួន២ មជ្ឈមណ្ឌលជាតិចំនួន ៣ បន្ថែមទៀតបង្គ្រប់ទូទាំងប្រទេស។ សិក្ខាសាលាបណ្តុះបណ្តាលនេះបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីគណៈអភិបាលខេត្តកំពង់ឆ្នាំង អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច ក្រុមប្រឹក្សាសកម្ភាពជនពិការ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង អង្គការចាយ (CHAI)ផងដែរ។
សិក្ខាសាលានេះនឹងផ្តល់ចំណេះដឹងផ្លូវច្បាប់ ជំនាញវិជ្ជាជីវ:និងក្រមសីលធម៌ ដល់ វេជ្ជបណ្ឌិតនៃក្រុមការងារ បច្ចេកទេសសុខាភិបាលដែលជាគ្រូពេទ្យពិនិត្យព្យាបាលជនមានពិការភាព មានសមត្ថភាពគ្រប់គ្រាន់អាចការពារនិងកាត់បន្ថយពិការភាពការវាយតម្លៃ ប្រភេទនិងកម្រិត ពិការភាពជូនបងប្អូនជនពិការនិងចេញលិខិតបញ្ជាក់សំរាប់ពួកគាត់យកទៅប្រើប្រាស់តាមផ្លូវច្បាប់ ដើម្បីចូលរួមក្នុងសកម្មភាពសង្គមតាមសមត្ថភាពនិងលទ្ធភាពរបស់ពួកគាត់។សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីលក្ខខ័ណ្ឌ ប្រភេទនិងកម្រិតពិការភាព សម្រាប់ក្រុមប្រឹក្សាវាយតម្លៃ ពិការភាព ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនេះពិតជាបាន ឆ្លើយតបនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានកំណត់ច្បាស់លើការលើកកម្ពស់សុខភាព ដោយបន្តអភិវឌ្ឍវិស័យសុខាភិបាល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អ ជាពិសេសប្រជាជនក្រីក្រ ជនងាយរង គ្រោះដូចជាស្រី្ត កុមារ វ័យជំទង់ មនុស្សចាស់ជរា និងជនមានពិការភាព តាមរយ:ការពង្រឹង ប្រព័ន្ធភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពនិងទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាថែទាំ សុខភាពក្នុងដំណើរឆ្ពោះទៅ សម្រេច ការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជានៅដំណាច់ឆ្នាំ២០៣០៕