ភ្នំពេញ ៖ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឱ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបីការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។ ការណែនាំរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនេះ ក្នុងឱកាសដឹកនាំមន្ត្រី និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ ឱ្យមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវបិទការធ្វើចរាចរណ៍ ចាប់ពីម៉ោង២១៖០០ យប់ រហូតដល់ម៉ោង ០៣ភ្លឺ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីរាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់ និងមិនមានការយោគយល់ ចំពោះអ្នកដែល ល្មើសទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិនឱ្យធ្វើចរាចរណ៍ចាប់ពីម៉ោង០៩យប់ រហូតទៅដល់ម៉ោង០៣ភ្លឺ ពិសេសខណ្ឌនៅជាយក្រុងគឺមិនអនុញ្ញាតឱ្យចូលក្រុងឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យគោលដៅត្រួតពិនិត្យ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ៕ដោយ សួស សំរិត
0 comments:
Post a Comment