ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាលនៃប្រទេសកម្ពុជាបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះភាគីចិន ដែលកំពុងជំរុញដំណើរការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានទីតាំងក្នុងរាជធានីភ្នំពេញ បើទោះបីជាកម្ពុជាកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខ្លាំងក្លា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក៏ដោយ។
ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែខិតខំប្រឹងប្រែងឥតឈប់ឈរបានធ្វើឲ្យគម្រោងសាងសង់ដំណើរការលឿននិងឆាប់រហ័ស ដោយភាគីចិនគ្រោងនឹងឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតក្នុងខណ្ឌទួលគោកមួយនេះ ដាក់ដំណើរការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាការសាកល្បង នាខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
ឯកឧត្តម រដ្ឋមន្ត្រីសុខាភិ បាល បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញពិនិត្យគម្រោងសាងសង់មន្ទីរពេទ្យមួយនេះ កាលពីថ្ងៃទី២៩ខែ មិថុនា ឆ្នាំ២០២១។ ក្រៅពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានលើកឡើងពីជំនួយរបស់ភាគីចិនជាច្រើនទៀតដែរ លើវិស័យសុខាភិបាល ជូនដល់កម្ពុជា ដូចជា គម្រោងសាងសង់មន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ និងជំនួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ជាច្រើនសន្ធឹកសន្ធាប់ ជាដើម។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានកម្ពស់១១ ជាន់ គ្រោងចំណាយថវិកា ជាង៨០លានដុល្លារអាមេរិក ដើម្បីសាងសង់ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ៕
0 comments:
Post a Comment