ក្នុងសកម្មភាពត្រួតពិនិត្យ ចំណុចគោលដៅនីមួយៗនិងផ្តល់ស្បៀងបន្ថែមដល់កម្លាំងឈរជើងនៅថ្ងៃទី២៩មិថុនាកន្លងមកនេះ លោក សែនសួរ ធ្នូ ប្រធានមណ្ឌលសុខភាពកំភុន បានបញ្ជាក់ថា៖ ការរៀបចំឲ្យមានទីតាំងត្រួតពិនិត្យនេះ ក្នុងគោលបំណងអនុវត្តនូវវិធានការ សុខាភិបាលឲ្យមានប្រសិទ្ធភាព ដើម្បីបង្ការកូវីដ-១៩ កុំឲ្យឆ្លងចូល មកប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសនៅតាមបណ្ដាភូមិឃុំដាច់ស្រយាល។
លោកបញ្ជាក់បន្ថែមថា ៖ប្រព័ន្ធការពារនេះ នៅមិនទាន់មានប្រសិទ្ធភាពរឹងមាំ១០០% នៅ ឡើយទេ លុះត្រាតែបងប្អូនប្រជាពលរដ្ឋយើង ទាំងអស់គ្នា ចូលរួមអនុវត្តវិធានការបីការពារ ដោយត្រូវពាក់ម៉ាស់- ឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ- អនុវត្តគម្លាតសុវត្ថិភាពសង្គមបុគ្គលចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ និង ៣កុំ- កុំចូលទៅកន្លែងបិទជិត- កុំទៅកន្លែងមានមនុស្សច្រើន -និងកុំប៉ះពាល់គ្នាចាប់ដៃគ្នាកៀកស្មាគ្នាជាដើម)។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បាន បញ្ជាក់ថា៖ កាតព្វកិច្ចនេះ អាជ្ញាធរស្រុក និងនៅតាមបណ្ដាឃុំ ក៏បានពង្រឹងសមត្ថភាព ក្នុងការចូលរួមជាមួយនឹងមន្ត្រីសុខាភិបាល ដោយបានចាត់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យមកឈរជើងនៅតាមគោលដៅនីមួយៗ ក្នុងគោលបំណងតែមួយគត់ គឺលើកកម្ពស់បង្ការជំងឺកូវីដកុំឲ្យមានការរីករាលដាលចូលទៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅបច្ចុប្បន្ននេះ។
លោកបន្តថា ៖ជាមួយនឹងការងារខាងលើនេះនៅមិនទាន់គ្រប់គ្រាន់ទេ ដូចនេះសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម ជាមួយមន្ត្រីសមត្ថកិច្ច ជាមួយមន្ត្រីសុខាភិបាល ក្នុងការពិនិត្យកម្ដៅ ហើយបើរកឃើញថា បងប្អូនមានភាពមិនប្រក្រតីផ្នែកសុខភាពណាមួយ សូមបងប្អូនអនុវត្តតាមវិធានការសុខាភិបាល ចៀសវាងកុំឲ្យមានការថ្នាំងថ្នាក់ ឬអាក់អន់ចិត្តជាមួយនឹងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមចំណុចគោលដៅទាំងនេះ ព្រោះថាការអនុវត្តន៍បែបនេះ មានគោលបំណងតែមួយគត់ គឺការពារសុខភាពខ្លួនឯង ការពារសុខភាពគ្រួសារ និងការពារសុខភាពប្រជាពលរដ្ឋទាំងមូលនៅក្នុងស្រុក។
សូមបញ្ជាក់ថា មន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុក សេសាន បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៨នាក់ ទើបអាជ្ញាធរមានសមត្ថកិច្ចរៀបចំជាទីតាំងត្រួតពិនិត្យចំនួន១៣កន្លែង នៅតាមច្រករវាងឃុំនិងឃុំ និងនៅចំណុចគោលដៅ ដែលកំពុងមានផ្ទុះឡើងនូវជំងឺកូវីដ១៩ មានចំនួន ៩ កន្លែង និង៤កន្លែងទៀត ជាចំណុចច្រករបៀងចេញចូលពីខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង និងចំណុចច្រករបៀងខេត្តក្រចេះនិងខេត្តស្ទឹងត្រែងផងដែរ៕

0 comments:
Post a Comment