ប្រទេសអ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានក្នុងថ្ងៃអង្គារទី២៧ ខែកញ្ញានេះថា រុស្ស៊ីទើបតែបញ្ចប់ការធ្វើប្រជាមតិក្លែងក្លាយ និងការប៉ុនប៉ងលេបយកទឹកដីអ៊ុយក្រែន
ដូច្នេះការចរចាជាមួយរុស្ស៊ីគឺមិនអាចកើតឡើងឡើយ ដរាបណាលោក វ្ល៉ាឌីមៀ ពូទីន នៅតែជាប្រធានាធិបតី ដោយលោកថែមទាំងអំពាវនាវឱ្យដាក់រុស្ស៊ីកាន់តែឯកោ និងការដាក់ទណ្ឌកម្មជាសកលថ្មីដ៏តឹងរ៉ឹង។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តាមរយៈតំណភ្ជាប់វីដេអូអនឡាញ លោក ហ្សេលេនស្គី បានជំរុញឱ្យមានការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីការពារអ៊ុយក្រែន ដូច្នេះអ្នកឈ្លានពាននឹងចាញ់
ហើយការធានាច្បាស់លាស់ និងស្របច្បាប់នៃសន្តិសុខសមូហភាព សម្រាប់ប្រទេសរបស់គាត់ ក៏ជាការឆ្លើយតបទៅនឹងការប៉នប៉ងលេបយកទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ីចុងក្រោយនេះផងដែរ។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ការដាក់បញ្ចូលទឹកដីប្រទេសណាមួយនៅលើពិភពលោកក្នុងសម័យទំនើបនេះ គឺជាឧក្រិដ្ឋកម្មមួយ ហើយក៏ជាឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋទាំងអស់ផងដែរ ដោយលោកថែមទាំងបានចោទប្រកាន់រុស្ស៊ីដែរថា បានបំផ្លាញស្ថាប័នសំខាន់នៃច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល បានប្រកាសថា សហរដ្ឋអាមេរិក និងអាល់បានីនឹងផ្សព្វផ្សាយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលនឹងថ្កោលទោស "ការធ្វើប្រជាមតិក្លែងក្លាយ"
ហើយអំពាវនាវឱ្យប្រទេសទាំងអស់ មិនទទួលស្គាល់ស្ថានភាពផ្លាស់ប្តូរណាមួយចំពោះអ៊ុយក្រែន និងទាមទារឱ្យមានការដកទ័ពរុស្ស៊ីជាបន្ទាន់ចេញពីប្រទេសនេះ៕ ប្រភព៖ APប្រែសម្រួលដោយនាយកនិពន្ឋ ៖សុិន សុខរ៉ា
0 comments:
Post a Comment