វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអង្គារទី២៨ ខែកញ្ញានេះថ្លែងថា ទីក្រុងវ៉ាស៊ីនតោនមិនជំទាស់នឹងអ៊ុយក្រែនឡើយ ចំពោះការប្រើប្រាស់សព្វាវុធដែលផ្តល់ដោយលោកខាងលិច ដើម្បីកំណត់គោលដៅលើទឹកដីដែលអាចនឹងសម្រេចចិត្តចូលរួមជាមួយរុស្ស៊ី ពីព្រោះសហរដ្ឋអាមេរិកចាត់ទុកការបោះឆ្នោតបែបនេះ គឺ “មិនស្របច្បាប់” នោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោកបណ្ឌិត ស៊ូប្រាម៉ានីយ៉ាម ចៃសានកា ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងនឹងមិនទទួលស្គាល់ការដាក់បញ្ចូលទឹកដីអ៊ុយក្រែនដោយរុស្ស៊ីនោះទេ...
អ៊ុយក្រែនមានសិទ្ធិដាច់ខាតក្នុងការការពារខ្លួននៅទូទាំងទឹកដីរបស់ប្រទេសខ្លួន រួមទាំងការដណ្តើមយកមកវិញ នូវទឹកដីដែលត្រូវបានរឹបអូសដោយខុសច្បាប់ពីរុស្ស៊ី មិនថា មធ្យោបាយបែបណានោះឡើយ។
ហើយគ្រឿងបរិក្ខារ, គ្រឿងសព្វាវុធដែលយើង និងប្រទេសជាច្រើនទៀតកំពុងផ្តល់ឱ្យ ហើយប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនោះ គឺអាចយកធ្វើរឿងនេះបាន។
លោក ប្លីងគែន បានសង្កត់ធ្ងន់ទៀតថា ប្រជាជនអ៊ុយក្រែននឹងបន្តធ្វើអ្វីដែលពួកគេត្រូវធ្វើ ដើម្បីទទួលបានទឹកដីដែលត្រូវបានដកហូតពីពួកគេមកវិញ... យើងនឹងបន្តគាំទ្រពួកគេក្នុងការខិតខំនោះ។
បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរុស្ស៊ី RT ប្រជាមតិដែលធ្វើឡើងនៅក្នុងសាធារណរដ្ឋប្រជាមានិត ដូណេតស្ក៍ និង លូហាន់ស្ក៍ ក៏ដូចជាក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន គឺ ហ្សាប៉ូរ៉ូហ្ស៊ី និងខើសុន នៅចន្លោះថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា លទ្ធផលនៅ ហ្សាប៉ូរ៉ូហ្ស៊ី បង្ហាញពីការគាំទ្រ ៩៣% និងនៅ ខើសុន គាំទ្រ ៨៧% ឲ្យចូលរួមជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណា ទាំងអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចបានច្រានចោលការបោះឆ្នោតប្រជាមតិលើការចូលរូមជាមួយរុស្ស៊ីនេះថា ជាការបោះឆ្នោតដ៏អាម៉ាស់ ហើយប្តេជ្ញាថា នឹងមិនទទួលស្គាល់លទ្ធផលឡើយ៕ ប្រភព៖ RT ដោយនាយកនិពន្ឋ៖សុិន សុខរ៉ា
0 comments:
Post a Comment