ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ដល់មន្ដ្រីក្រោមឱវាទថា ត្រូវការពារឲ្យបានដាច់ខាតនូវសុខសន្ដិភាព ព្រមទាំងធានាស្ថេរភាពសង្គមផងដែរ។
ក្នុងប្រជុំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា «ការពារឲ្យបាន ដាច់ខាតនូវសុខសន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថេរភាពសង្គម។ បន្ដប្រយុទ្ធប្រឆាំងបទល្មើស កាត់ បន្ថយបទល្មើស បង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ទាំងបទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារតាមគ្រប់ទម្រង់ ពិសេសយកចិត្តទុកដាក់លើ បញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន»។
នាយឧត្តមសេនីយ៍ បន្ដថា ត្រូវការពង្រឹងការងារសណ្ដាប់ធ្នាប់ចរាចរណ៍ និងអគ្គិភ័យ ហើយគោលដៅធំបំផុតកាត់បន្ថយគ្រោះថ្នាក់ ហើយការងារអាទិភាព គឺជំរុញការអប់រំឲ្យមានការចូលរួមពី ព្រោះកងកម្លាំងមិនអាចធ្វើតែឯកឯងបានទេ ពោលត្រូវតែមានការសហការ ជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍បន្ថែមថា ចំពោះការងារព្រំដែន ត្រូវបន្ដកិច្ចសហការជាមួយកងទ័ពការពារព្រំដែន ការពារអធិបតេយ្យជាតិ ពិសេសពង្រឹងប្រព័ន្ធការពារតាមព្រំដែន បង្កើនកិច្ចសហការទប់ស្កាត់បទល្មើស លើកកម្ពស់សមត្ថភាពការហ្វឹកហាត់ និងការពង្រឹងស្មារតីសហការ ជាមួយប្រទេសជិតខាង។
លើសពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ចំពោះការងារនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវអនុវត្តឲ្យបានពេញលេញប្រកបដោយ ប្រសិទ្ធភាពនូវការងារនគរបាល និងសហគមន៍។ ការងារនេះជារឿងសំខាន់ ព្រោះជាចលករដ៏សំខាន់ ជំរុញការអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ លើសពីនេះ ត្រូវជំរុញការបណ្ដុះបណ្ដាល មន្ដ្រីនគរបាលប៉ុស្ដិ៍ ការឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរឥរិយាបថក្នុងការ បម្រើសេវាជូនប្រជាពលរដ្ឋ ព្រមទាំងពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំដើម្បីចេញ សង្គ្រោះនៅពេលមានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើង៕
0 comments:
Post a Comment