ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, August 07, 2022

លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និងអង្គការដៃគូ ចុះពិនិត្យទីតាំង សម្រាប់សាងសង់អគារសាលាបឋមសិក្សាខ្ទង់ និងនាំយកសម្ភារផ្តល់ជូនសិស្ស

ចំនួនអ្នកទស្សនា: Views

ចេញផ្សាយនៅថ្ងៃទី០៧ខែ០៨ឆ្នាំ២០២២

មណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងមានការគាំទ្រពីអង្គការដៃគូ នាថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំង សម្រាប់សាងសង់សាលាបឋមសិក្សាខ្ទង់ និងនាំយកសម្ភារមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋខ្វះខាត នៅក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា។



លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់និងគិតគូពីសុខុមាលភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសិស្សានុសិស្សដែលរស់នៅតំបន់ដាច់ស្រយាលដូចជានៅទីនេះជាដើមនិងឲ្យពួកគាត់មានសាលារៀនល្អសមរម្យ។



 លោក បញ្ជាក់ថា ការរៀបចំសាងសង់អគារសាលាបឋមសិក្សាខ្ទង់ នៅតំបន់ដាច់ស្រយាល នាពេលខាងមុខនេះ គឺជាការចូលរួមគាំទ្រពីអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ដើម្បីឲ្យវិស័យអប់រំមានការរីកចម្រើន។ 


លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការសាងសង់សាលាបឋមសិក្សាខ្ទង់ ដែលមាន ១ខ្នង ស្មើ ៥បន្ទប់ និងទីចាត់ការ ១បន្ទប់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ភាគច្រើនជាជនជាតិដើមភាគតិច ដើម្បីងាយស្រួលក្នុងរៀនសូត្រ។ 


លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ម្យ៉ាងវិញទៀត ក៏សូមឲ្យពលរដ្ឋ ត្រូវចូលរួមសំអាតអនាម័យជុំវិញផ្ទះ ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ 


នាឱកាសនោះ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងសហការី បាននាំយកតេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ០២ ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


សូមបញ្ជាក់ថា សម្ភារដែលថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន ដោយឡែក សម្រាប់ក្រុមការងារអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ បានផ្តល់ជាសម្លៀកបំពាក់ ម៉ាស់ សម្ភារមួយចំនួន ជូនលោកគ្រូ និងសិស្សានុសិស្សជាង ២០០នាក់ផងដែរ៕

0 comments:

Post a Comment