ខេត្តមណ្ឌលគិរី៖ក្នុងរយៈពេលជាង១ឆ្នាំនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បានសង្កេតឃើញថារដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការកែលម្អ និងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ នៅតាមក្រុង ស្រុក និងនៅតាមតំបន់ទេសចរណ៍ ដូចជា៖ ផ្លូវគ្រួសក្រហម ផ្លូវបេតុង ស្ពាន រង្វង់មូល ស្លាកអរគុណសន្តិភាព ស្លាកក្រុងសែនមនោរម្យសូមស្វាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធមួយទៀត ។
ថ្មីៗនេះរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំដាក់អំពូលភ្លើងសឡាបំភ្លឺផ្លូវ នៅតាមទីតាំងមួយចំនួន ក្នុងភូមិសាស្រ្ត ក្រុងសែនមនោរម្យ ជាពិសេសការរៀបចំសាងសង់សួនច្បារនៅជុំវិញវិមានឯករាជ្យ និងនៅលើប្រលានយន្តហោះចាស់ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។
យោងទៅតាមផេក facebook ផ្លូវការរបស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងក្នុងខេត្ត និងក្រៅខេត្ត ដែលបានឧបត្ថម្ភគាំទ្រនូវថវិកា និងសម្ភារ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍខេត្តមណ្ឌលគិរី ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី បានសំដែងនូវការថ្លែងអំណរគុណចំពោះថ្នាក់ដឹកខេត្ត ដែលបានធ្វើការអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសការរក្សាបាននៅសន្តិសុខ និងសណ្តាប់ធ្នាប់នៅទូទាំងខេត្ត បានល្អប្រសើរ ៕ ដោយ៖ ពៅ សំរេច
0 comments:
Post a Comment