ខេត្តមណ្ឌលគិរី៖ ដើម្បីបង្កើននូវសោភណភាព នៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ឲ្យកាន់តែមានភាពទាក់ទាញពីភ្ញៀវទេសចរ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំដាំកូនឈើចម្រុះចំនួន ៤៥០ដើម នៅលើភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ។
លោក សី ទូច អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឱ្យ លោក ឈឹម កានប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានការផ្តួចផ្តើមពីឯកឧត្តម ថង សាវុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តមណ្ឌលគិរី និងខេត្តរតនគិរី កូនឈើចម្រុះចំនួន ៤៥០ដើម រួមមាន៖
ដើមត្របែកព្រៃ ដើមសាគូរ៉ា ដើមក្ងោក និងដើមកាក់មាសជាដើម ត្រូវបានដាក់ដាំនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។ លោកសីទូច បានបញ្ជាក់ថា គោលបំណងនៃការដាំកូនឈើនេះ ដើម្បីថែរក្សា ការពារ និងបង្កើនសោភ័ណ្ឌភាពនៅក្រុងសែនមនោរម្យ ក៏ដូចជា នៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ឱ្យកាន់តែមានភាពស្រស់បំព្រង ជាពិសេស បំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្រប់ព្រៃឈើ ការគ្រប់គ្រងបរិស្ថាន ចូលរួមថែរក្សាវប្បធម៌ ទេសចរណ៍ ឱ្យបានគង់វង្ស ។ ទន្ទឹមនោះលោក សី ទូច បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកលេងកំសាន្ត នៅបរិវេណភ្នំដោះក្រមុំនេះ សូមជួយថែរក្សា ការពារទាំងអស់គ្នា ជាពិសេស ប្រជាពលរដ្ឋ ដែលមានសត្វពាហនៈ
សូមជួយទប់ស្កាត់ និងការពារសត្វទាំងនោះ កុំឲ្យដើរពាសវាលពាសកាល ដែលអាចធ្វើឱ្យជាន់កូនឈើ។
បន្ទាប់មកលោក សី ទូច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សា ការពារ សមិទ្ធផលនានានៅក្នុងខេត្តមណ្ឌលគិរី ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា បន្តចូលរួមថែរក្សា ការពារ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ដែលជាកន្លែងសក្ការៈបូជា របស់ប្រជាបលរដ្ឋទូទៅ ជាពិសេស បងប្អូនជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី៕
0 comments:
Post a Comment