កូនស្រី លោក កឹម សុខា លើកឡើងថា «ឪពុកខ្ញុំ មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជនកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា បានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ឆ្លើយតបចំពោះលោក សម រង្ស៉ី ថា ឪពុករបស់កញ្ញា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។
តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កញ្ញា កឹម មនោវិទ្យា បានលើកឡើងដូច្នេះថា៖ «ឪពុកខ្ញុំ កឹម សុខា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវ ឱ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាពោរពេញដោយបោកប្រាស់»។
លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។
លោក មុត ចន្ថា មនុស្សជំនិតរបស់ លោក កឹម សុខា បានចេញមុខរិះគន់ លោក សម រង្ស៉ី ដែលបន្តបំភ្លៃនេះថា ជា «មនុស្សមិនចេះអៀនខ្មាស់ និងឡប់គ្រឿង»។ លោក បានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៉ី ដែលធ្វើមិនយល់អំពីការប្រកាសរបស់ លោក កឹម សុខានោះ គឺជារឿងគួរឱ្យអស់សំណើចបំផុត។
តាមរយៈសារបស់ខ្លួនទៅកាន់ លោក សម រង្ស៉ី, លោក កឹម សុខា បានលើកឡើងដូច្នេះថា៖ «លោក សម រង្ស៉ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដេាយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន»។
លោក កឹម សុខា បានបន្តថា៖ «ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៉ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ»។
អតីតប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានបញ្ជាក់ផងដែរថា លោកមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៉ី និង ក្រុមនោះឡើយ៕
0 comments:
Post a Comment