ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភូមិព្រែកតារ័ត្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ រដ្ឋាបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្ដោងរ៉ឺម៉កគ្រប់ប្រភេទហាមធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។
ដោយឡែកចំពោះរថយន្តធុនធំ រថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍ ដែលធ្វើចរាចរតាមផ្លូវជាតិលេខ៥ ត្រូវឆ្លងទៅផ្លូវជាតិលេខ៦ និងពីផ្លូវជាតិលេខ៦ ឆ្លងមកផ្លូវជាតិលេខ៥ ត្រូវពង្វាងចរាចរឆ្លងកាត់តាមស្ពានព្រែកក្ដាមវិញ៕
0 comments:
Post a Comment