ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, December 14, 2021

កិច្ចព្រមព្រៀងសព្វាវុធ ពូទីន-ម៉ូឌី ជាបញ្ហាសម្រាប់ចិន និងអាមេរិក

ចំនួនអ្នកទស្សនា: Views

 ទំនាក់ទំនងរវាងឥណ្ឌា និងរុស្សុីអាចមានភាពស្មុគស្មាញដោយសារការប្រែប្រួលស្ថានភាពភូមិសាស្ត្រនយោបាយ ប៉ុន្តែជំនួបកំពូលកាលពីសប្ដាហ៍ មុនរវាងនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី និងប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញពីវិសាលភាពរវាងភាគីទាំង ២ នៃបំណងរក្សាភាពជិតស្និទ្ធ បើទោះបីជាវាហាក់បីដូចជាបង្កភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងចិនយ៉ាងណាក្ដី។


ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ប្រទេសរុស្ស៊ី បានពង្រឹងទំនាក់ទំនងយោធា និងសេដ្ឋកិច្ចជាមួយប្រទេសចិន ជាការឆ្លើយតបទៅនឹងការថ្កោលទោសរបស់បស្ចិមប្រទេស ចំពោះការដណ្ដើមកាន់កាប់តំបន់ឧបទ្វីបគ្រីមា និងការគាំទ្រការបះបោរផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ថ្មីៗនេះអាមេរិក បានរំឭកដល់ក្រុងម៉ូស្គូថា ពួកគេនឹងប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចក្នុងករណីមានការវាយប្រហារលើអ៊ុយក្រែន។

រីឯប្រទេសឥណ្ឌាវិញ បានបង្កើនសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសលោកខាងលិច រួមទាំងការចូលរួមក្នុងសម្ព័ន្ធភាពសន្តិសុខ Quad ដឹកនាំដោយសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន និងអូស្ត្រាលី ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។ បន្ថែមពីលើនេះក្នុងរយៈពេល ១៩ ខែចុងក្រោយនេះ កងទ័ពចិន និងឥណ្ឌាបានជាប់ក្នុងការប្រឈមមុខដាក់គ្នា នៅតំបន់ព្រំដែនមានជម្លោះ ដែលជារឿយៗឈានដល់ការប៉ះទង្គិចគ្នា បង្កឱ្យមានការស្លាប់ទាំងសងខាង។

ខណៈពេលដែលរុស្ស៊ី បង្ហាញការព្រួយបារម្ភអំពីសកម្មភាពរបស់អាមេរិកនៅតំបន់អាស៊ីប៉ា-ស៊ីហ្វិកទៅកាន់សមភាគីឥណ្ឌាដែលបានត្អូញត្អែរទៅវិញអំពី «អរិភាពដោយមិនមានហេតុផលនៅព្រំដែនខាងជើងរបស់យើង» ដោយចិនកិច្ចប្រជុំរវាងភាគីទាំង ២ មានលទ្ធផលជាកិច្ចព្រមព្រៀងជាច្រើន។

មេដឹកនាំទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៨ លើវិស័យច្រើនដូចជា ធ្យូងថ្ម ការសាងសង់នាវា លោហវិទ្យា និងប្រេង។ ទីក្រុងម៉ូស្គូ និងញូវដែលីក៏បានសន្យាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៣០ ពាន់លានដុល្លារ និងការវិនិយោគទៅវិញទៅមករហូតដល់ ៥០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥។

កិច្ចប្រជុំរបស់លោក ពូទីន និងលោក ម៉ូឌី ក៏បានផ្តល់កិច្ចសន្យា ដែលអនុញ្ញាតឱ្យឥណ្ឌាផលិតកាំភ្លើង AK-203 រុស្សីជាង ៦០០ ០០០ ដើម នៅក្នុងទឹកដីរបស់ខ្លួនសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ប្រទេសទាំង ២ ក៏បានបន្តកិច្ចព្រមព្រៀងបច្ចេកទេសយោធាផងដែរ ដែលជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាយោធារវាងប្រទេសទាំង ២ សម្រាប់រយៈពេល ១០ ឆ្នាំទៀត។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលរុស្ស៊ី ប្រទេសរុស្ស៊ី បានលក់អាវុធឱ្យឥណ្ឌាយ៉ាងហោចណាស់ ៧០ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ១៩៩១ មក ហើយខណៈពេលដែលការលក់ទាំងនេះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ដោយសារការព្យាយាមផលិតក្នុងស្រុករបស់ឥណ្ឌា ប្រទេសទាំង ២ បានបន្តធ្វើការរួមគ្នាលើគម្រោងមួយចំនួនដូចជាមីស៊ីលល្បឿនលឿនជាងសំឡេង និងនាវាបំបាំងកាយ។

កាលពីឆ្នាំ ២០១៨ ឥណ្ឌាបានបញ្ជាទិញប្រព័ន្ធការពារដែនអាកាសជំនាន់ថ្មី S-400 របស់រុស្សុី ដែលនៅឆ្នាំនេះ ទើបតែចាប់ផ្ដើមដឹកជញ្ជូនទៅប្រទេសឥណ្ឌា។ ការបញ្ជាទិញប្រព័ន្ធ S-400 បានធ្វើឱ្យស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ដោយសារឥណ្ឌាគ្រោងដាក់ពង្រាយកងវរសេនាធំប្រព័ន្ធ S-400 ចំនួន ២ ទៅកាន់តំបន់ព្រំដែនមានជម្លោះជាមួយចិន ធ្វើឱ្យប្រទេសចិន ដែលដូចឥណ្ឌាបានទិញប្រព័ន្ធ S-400 ពីរុស្ស៊ី ធ្វើការដាក់ពង្រាយឆ្លើយតបវិញនៅតំបន់ស៊ីនជាំង និងទីបេ។

បន្ថែមពីលើនេះសហរដ្ឋអាមេរិក គឺមានជំហរប្រឆាំងនឹងប្រទេសណាដែលបានទិញប្រព័ន្ធ S-400។ ក្រោមច្បាប់ស្ដីពីការប្រឆាំងនឹងសត្រូវរបស់អាមេរិកតាមរយៈការដាក់ទណ្ឌកម្ម (CAATSA) ដែលត្រូវបានអនុម័តដោយសភាអាមេរិក កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គលដែលពាក់ព័ន្ធនឹងការទិញប្រព័ន្ធ S-400 នៅប្រទេសចិន និងប្រទេសជាសម្ព័ន្ធមិត្តក្នុងអង្គការណាតូ តួកគី។ 

ខណៈពេលដែលសមាជិកសភាអាមេរិកបានជំរុញឱ្យរដ្ឋាភិបាលមិនចៀសវាងការដាក់ទណ្ឌកម្មឥណ្ឌាក្នុងនាមជាសមាជិក Quad គេមិនទាន់ច្បាស់ថា អាមេរិកនឹងលើកលែងប្រទេសឥណ្ឌា ពីការដាក់ទណ្ឌកម្មដែរឬទេ ដោយក្រសួងការបរទេសអាមេរិកបាននិយាយថា ពួកគេមិនទាន់សម្រេចចិត្តនៅឡើយទេ។ អ្នកវិភាគមួយចំនួនគិតថា អាមេរិកទំនងជាលើកលែងការដាក់ទណ្ឌកម្មលើឥណ្ឌា ដោយសារអាវុធទាំងនេះបានជួយពង្រឹងសមត្ថភាពរបស់ឥណ្ឌាក្នុងការប្រឆាំងចិន។

ប៉ុន្តែបើទោះបីជាអាមេរិកលើកលែងទណ្ឌកម្ម CAATSA ក៏ដោយ ភាពតានតឹងនៅអ៊ុយក្រែនបានធ្វើឱ្យបញ្ហានេះកាន់តែស្មុគស្មាញ។

សហរដ្ឋអាមេរិក អ៊ុយក្រែន និងអង្គការណាតូ បានចោទប្រកាន់រុស្សីថា កំពុងប្រមូលផ្ដុំទាហាននៅតាមព្រំដែនអ៊ុយក្រែន ដើម្បីត្រៀមធ្វើការវាយលុក ឈ្លានពានចូលអ៊ុយក្រែន។ 

តែទោះជាយ៉ាងណាក្ដី រុស្សុីបានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានចោទប្រកាន់អង្គការណាតូថាបានបង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ដោយធ្វើការពង្រីកសមាជិកមកអឺរ៉ុបខាងកើត។ ភាពតានតឹងនេះអាចបង្កឱ្យអាមេរិកកាន់តែប្រឆាំងការលក់អាវុធរបស់រុស្សុី ហើយអាចឈានដល់ការចាត់វិធានការលើប្រទេសឥណ្ឌាផងដែរ៕


0 comments:

Post a Comment