ចេញផ្សាយនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ អាមេរិក ៖ គណៈប្រតិភូអាមេរិកដែលកំពុងបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសហុងឌូរ៉ាស បានបញ្ជាក់ប្រាប់បេក្ខជនប្រធានាធិបតីហុងឌូរ៉ាសចំនួន២រូបដែលឈានមុខគេថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យហុងឌូរ៉ាសរក្សាទំនាក់ទំនងការទូតដ៏យូរអង្វែងរបស់ខ្លួនជាមួយកោះតៃវ៉ាន់។
នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកាលពីថ្ងៃពុធ។មន្ត្រីដដែលដែលថ្លែងសុំមិនបញ្ចេញឈ្មោះនិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានហុងឌូរ៉ាសពីហានិភ័យមួយចំនួនទាក់ទងនឹងវិធីសាស្ត្ររបស់ចិនទៅកាន់តំបន់អាមេរិកកណ្តាល។
ការព្រមានរបស់អាមេរិកកើតឡើង ខណៈដែលលោកស្រី Xiomara Castro បេក្ខជនគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសហុងឌូរ៉ាស និងកំពុងឈានមុខគេក្នុងការស្ទង់មតិចុងក្រោយ ធ្លាប់បាននិយាយថា ប្រសិនទទួលបានជ័យជម្នះក្នុងការបោះឆ្នោត លោកស្រីនឹងប្តូរទំនាក់ទំនងការទូតមកខាងចិនវិញ។ ទោះយ៉ាងណា ជំនួយការលោកស្រីបានបញ្ជាក់កាលពីថ្ងៃអង្គារកន្លងទៅថា មិនទាន់មានការសម្រេចចិត្តចុងក្រោយឡើយ។ ហុងឌូរ៉ាសនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះ។
ហុងឌូរ៉ាសគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៥ដែលមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ កិច្ចប្រឹងប្រែងរបស់ចិនក្នុងការគៀងគរសម្ព័ន្ធមិត្តសេសសល់របស់តៃវ៉ាន់ ធ្វើឲ្យអាមេរិកមានការព្រួយបារម្ភពីឥទ្ធិពលរបស់ក្រុងប៉េកាំងដែលកំពុងកើនឡើងយ៉ាងខ្លាំងនៅអឌ្ឍគោលខាងលិច និងតំបន់ផ្សេងៗទៀត។
មន្ត្រីក្រសួងការបរទេសអាមេរិកថ្លែងប្រាប់អ្នកសារព៍ត៌មានតាមទូរស័ព្ទដូច្នេះថា «យើងយល់ច្បាស់ពីតួអង្គសំខាន់ៗនៅក្នុងប្រទេសហុងឌូរ៉ាស ដែលយើងគិតថា ទំនាក់ទំនងរវាងហុងឌូរ៉ាស និងតៃវ៉ាន់គឺមានសារសំខាន់។ យើងចង់ឃើញទំនាក់ទំនងនោះនៅបន្តទៀត។ យើងបាននិយាយដោយផ្ទាល់ជាមួយបេក្ខជនឈានមុខគេនៅហុងឌូរ៉ាស» ។
សូមបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួនដែលគ្មានសិទ្ធិលើកិច្ចការរដ្ឋឡើយ ប៉ុន្តែថៃវ៉ាន់ឆ្លើយតបវិញថា ខ្លួនជាប្រទេសឯករាជ្យមានឈ្មោះជាផ្លូវការថា សាធារណៈរដ្ឋចិន ហើយទីក្រុងប៉េកាំងមិនមានសិទ្ធិនិយាយឲ្យតៃវ៉ាន់ឡើយ។
តៃវ៉ាន់បានផ្តាច់ចេញពីចិននៅក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីមានសង្គ្រាមស៊ីវិល៕ (យោងតាមប្រភព៖ Taiwan News)
0 comments:
Post a Comment