(បន្ទាយមានជ័យ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលវេលាម៉ោង១៦និង៤០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានចុះប្រត្តិបតិការណ៍បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន២នាក់ នៅចំណុចអគារស្នាក់នៅម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់
១-ឈ្មោះ អាការ៉ាផុន សេនីវង់ណាយូតាយ៉ា ហៅលីវមេ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ រក្សាទុក និងប្រើប្រាស់)និង២-ឈ្មោះ ឆៃយ៉ុង ប៊ួនសុង ហៅខិម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ រក្សាទុក និងប្រើប្រាស់)។
លោកបន្តថា មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលេី។ ភ្លាមៗ លោកបានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅដល់ចំណុចកើត ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមទាំងចាប់យកវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៣កូនថង់កិប ទម្ងន់ ២,៩៤ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០៥កូនថង់កិប ស្មើនឹង៥០គ្រាប់ ទម្ងន់៥,៨២ក្រាម, និងកូនថង់កិបសម្រាប់ច្រកគ្រឿងញៀនមួយចំនួន (នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ ជារបស់ជនសង្ស័យឈ្មោះ អាការ៉ាផុន សេនីវង់ណាយូតាយ៉ា) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ។
ក្រោយឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យ បានសារ ភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕
0 comments:
Post a Comment