(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១និង០០នាទី រំលងអាធ្រាត្រ បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិថៃ ឈ្មោះ ថូសាវ៉ាត់ នុបផាកន ហៅហ្វីត ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់១,៤០ក្រាម, គ្រាប់ថ្នាំចម្រុះពណ៌ (អ៊ិចស្តាស៊ី) ចំនួន០១ថង់កិប ស្មើនឹង១២គ្រាប់ ទម្ងន់៤,៣៥ក្រាម, កញ្ចប់ម្ស៉ៅចម្រុះពណ៌ (ប្រភេទថ្នាំសប្បាយលាយទឹក) ចំនួន០៦កញ្ចប់ ទម្ងន់៣២,៥១ក្រាម, ស្ករគ្រាប់បៀមចំនួន០៣កញ្ចប់ ស្មើនឹង០៣គ្រាប់, ទូរស័ព្ទដៃចំ នួន០២គ្រឿង, ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ ប្រវែង១៨ស.ម, ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន ០១វង់, សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល, កាបូបស្ពាយពណ៌ខ្មៅចំនួន០១,កូនកាំបិតបត់ពណ៌ខ្មៅចំនួន០១ដើម ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានព័ត៌មានពីសន្តិសុខយាមម្តុំផ្សាររាត្រីទឹកពុះថាមានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យជាជនជាតិថៃរូបនេះជាបុគ្កលិកកាសុីណូ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួចបានឆ្លេីយសារភាពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
0 comments:
Post a Comment