(បន្ទាយមានជ័យ) ៖ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់
១-ឈ្មោះ សូឆាត អនរ៉ាឈុល ហៅត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
២-ឈ្មោះ ផុងសាកន ក្វាន់អ៊ួន ហៅទឺន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
៣-ឈ្មោះ ប៉ាន់យ៉ា ដេតសុផា ហៅសៃហ្វា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖គ្រឿងញៀនប្រភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,០២ក្រាម -ទូរស័ព្ទ ចំនួន០៤គ្រឿង (ម៉ាកOPPO ពណ៌ខ្មៅ, ម៉ាកVIVO ពណ៌ខ្មៅ, ម៉ាកSAMSUNG ពណ៌ខ្មៅ, ម៉ាកIPHONE13 ពណ៌បៃតងចាស់) -នាឡិកាដៃចំនួន០២គ្រឿង -ខ្សែដៃលោហធាតុពណ៌ស ចំនួន០១ -ខ្សែកប្រភេទខ្សែពណ៌ខ្មៅ មានបណ្តោងរូបព្រះចំនួន០២ខ្សែ -កាបូបស្ពាយ ចំនួន០១ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ទិញគ្រឿងញៀនខាងលើមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព រួមនឹងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
0 comments:
Post a Comment