ខេត្តកំពង់ឆ្នាំង ៖ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ក្បាច់គុនខ្មែរ គឺជាក្បាច់គុនបុរាណរបស់យើងតាំងពីយូរលង់ណាស់មកហើយ មានចារឹកទុកនៅតាមបណ្តាប្រាង្គប្រាសាទនានា ។ ក្បាច់គុនបុរាណខ្មែរ កាលពីមុនជាក្បាច់យុទ្ធសាស្ត្រសម្រាប់ការពារខ្លួន និងការពារជាតិមាតុភូមិ ប៉ុន្តែការប្រដាល់បង្ហាញក្បាច់គុននៅពេលនេះ កីឡាករ កីឡាការិនីត្រូវបានហាមមិនឲ្យប្រើនូវក្បាច់ណាដែលបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងនោះទេ ប៉ុន្តែប្រើតែក្បាច់ ឬស្នៀតណាដែលពុំសូវគ្រោះថ្នាក់តែប៉ុណ្ណោះសម្រាប់ជាវិស័យកីឡាជូនបងប្អូនជនរួមជាតិទស្សនាកម្សាន្ត។
ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កីឡាករ កីឡាការិនីរបស់យើងជារៀងរហូតមក។បន្ថែមពីនេះក៏សូមថ្លែងអំណរគុណទៅដល់ ក្រសួងអប់រំ យុវជន និងកីឡាក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានខិតខំអភិវឌ្ឍវិស័យកីឡាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិស័យកីឡាប្រដាល់គុនខ្មែរ បានទទួលនូវមេដាយមាសច្រើនជាងគេ៕
0 comments:
Post a Comment