(ភ្នំពេញ)៖ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អុីប្រាហ៊ីម (Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបនេះសមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។
ក្នុងនោះសមភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ។ ក្នុងក្របខ័ណ្ឌ នៃវិស័យការពារជាតិ និងសន្ដិសុខ សមភាគីទាំងពីរ បានឯកភាពលើការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។ ដោយឡែក លើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។ ជាងនេះទៅទៀត សមភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ៕
0 comments:
Post a Comment