រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅទីស្តីការក្រសួងសុខាភិបាល នារសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លើកទឹកចិត្តដល់មន្ទីរពេទ្យទាំងឡាយ ត្រូវស្វែងយល់ពីបច្ចេកទេសព្យាបាលនៅប្រទេសជឿនលឿនបំផុតផ្នែកវេជ្ជសាស្ត្រ និងទស្សនកិច្ចសិក្សាពីមន្ទីរពេទ្យនៃប្រទេសទាំងនោះ ដើម្បីយកមកអនុវត្តអោយកាន់តែមានប្រសិទ្ធភាព គុណភាព កម្រឹតអតិប្បរមា។
ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជម្រាបជូនដល់អង្គប្រជុំ ក្នុងរយៈពេលនៃការចូលរួមក្នុងមហាសន្និបាតនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ក៏ដូចជាប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ដែលវេទិកានេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាបាន និងកំពុងចូលរួមចំណែកក្នុងការពង្រឹង សន្តិភាព សន្តិសុខ ការអភិវឌ្ឍពិភពលោកទាំងមូល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តសកម្មភាពក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។ ទន្ទឹមនឹងនេះ អង្គភាពថា្នក់ជាតិ ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការធ្វេសប្រហែស ឬប្រព្រឹត្តកំហុសណាមួយ ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងសូមបុរេសកម្មចំពោះវិស័យសុខាភិបាលរួមទាំងវិស័យឯកជន៕
0 comments:
Post a Comment