កំពង់ធំ)៖ ទូកចម្លងមួយគ្រឿងដែលដឹកកូនសិស្ស បានលិចនៅក្នុងស្ទឹងសែន ពេលដែលពួកគេកំពុងឆ្លងចេញពីសាលាទៅផ្ទះ បណ្តាលឲ្យស្លាប់សិស្សស្រីម្នាក់អាយុ១៣ឆ្នាំ និងកូនសិស្សផ្សេងទៀតហែលរួចខ្លួន កាលពីវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
អភិបាលខេត្តកំពង់ធំលោក ងួន រតនៈ បានប្រាប់បណ្តាញព័ត៌មាន គេហទំព័ររស្មីបឹងយក្ខឡោម ថា ហេតុការណ៍នេះបានកើតឡើង នៅពេលដែលជនរងគ្រោះទាំងអស់ កំពុងជិះទូកចម្លងឆ្លងស្ទឹងសែន ក៏បណ្តាលឲ្យលិច ហើយស្លាប់សិស្ស ស្រីម្នាក់អាយុ១៣ឆ្នាំ ខណៈសិស្សផ្សេងទៀតបានហែលមកច្រាំងស្ទឹង និងឡើងលើគោករួចផុតពីគ្រោះថ្នាក់។
បើតាមលោកអភិបាលខេត្ត, កូនសិស្សបានជិះទូកចម្លងរាល់ថ្ងៃទាំងទៅសាលារៀន និងចេញពីសាលាទៅផ្ទះ តែនៅថ្ងៃនេះបែរជាជួបហេតុការណ៍អាក្រក់លិចទូកយ៉ាងដូច្នេះ។ លោកសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ជីវិតកូនស្រីក្នុងហេតុការណ៍នេះ។
ក្រោយទទួលបានព័ត៌មាន អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានទៅកន្លែងកើហេតុ និងបានប្រគល់សាកសពក្មេងស្រីរងគ្រោះជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការបញ្ជាក់របស់លោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ការលិចទូកនោះកើតឡើងដោយសារសិស្សជិះច្រើន និងអ្នកបើកបរកាណូតចម្លងលឿន ហើយនៅពេលដែលស្ថានភាពទូកលិច សិស្សក៏ចាប់ផ្ដើមជ្រួលច្របល់ធ្វើឲ្យមានការប្រទាញប្រទង់លិចតែម្តង។
លោកអភិបាលស្រុកបានបញ្ជាក់ថា កុមារីរងគ្រោះឈ្មោះ អ៉ីន សុភ័ក្រ រៀនថ្នាក់ទី៧ មានទីលំនៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខណៈកុមារីម្នាក់ទៀតឈ្មោះ ធឿន ស្រីពេជ្រ រៀនថ្នាក់ទី៧ ត្រូវបានជួយសង្រ្គោះ៕
0 comments:
Post a Comment