ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ទីរជំនាញ ដើម្បីពិគ្រោះយោបល់ ត្រៀមពិនិត្យជាក់ស្ដែងលើការងារកសាងផែនការរៀបចំដែនដីខេត្តប៉ៃលិន និងចក្ខុវិស័យបន្ត។
គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងថ្នាក់ខេត្តកំពុងចុះសិក្សាស្រាវជ្រាវប្លង់គោលសំរាបើខេត្តប៉ៃលិនទាំងមូល គឺជាយន្តការមួយដ៏សំខាន់ ដែលពុំអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ សំដៅកាត់បន្ថយភាពអនាធិបតេយ្យ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លី និងវិវាទដីធ្លី ព្រមទាំងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជនឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អ។
ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី គឺជាការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រតម្រង់ទិស សម្រាប់អភិវឌ្ឍន៍រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក និងការធ្វើសមាហរណកម្មក្រុង និងតំបន់ជុំវិញ។
សូមបញ្ជាក់ថា ផែនការរៀបចំដែនដីខេត្តប៉ៃលិន ជាផែនការសមហរណកម្មអន្តរវិស័យ តម្រង់ទិសសម្រាប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិនរយៈពេលវែង ដែលមានចក្ខុវិស័យឆ្នាំ២០៤៥៕
0 comments:
Post a Comment