ខេត្តកណ្ដាល៖ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល ។
ឯកឧត្តម នូ សាខន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការគ្នាបានយ៉ាងល្អរវាងមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការកែលំអសោភ័ណភាពក្រុងតាខ្មៅ បានយ៉ាងស្អាត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ នាពេលខាងមុខនេះ។
ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ សូមបន្តយកចិត្តទុកដាក់ការពារ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ដោយការពារឱ្យបាននូវភាពអណាធិបតេយ្យ អសន្តិសុខសង្គម ពិសេសបញ្ជាសឱ្យបាននូវបញ្ហា ចោរលួច ឆក់ ប្លន់ ក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលទាំងមូល។ ពិសេសជាងនេះទៀត អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវរៀបចំសង្ក្រាន្តនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ដែលរដ្ឋបាលខេត្តកណ្ដាល បានរៀប
ចំនៅសួនច្បារមាត់ទន្លេប្រាសាក់ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះឱ្យបានច្រើនកោះករផងដែរ៕
0 comments:
Post a Comment