ខេត្តបន្ទាយមានជ័យ៖ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ត្រូវបានទទួលការផ្សព្វផ្សាយ ស្ដីពីមេរោគអេដស៍ជំងឺអេដស៍ និងគ្រឿងញៀន កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្ដម សេន សុី ហ៍ត់ រដ្ឋលេខាធិការ នៃក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀន។
លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង ដែលបានឆ្លៀតពេល ដែលមានតម្លៃបានមកធ្វើការអប់រំផ្សព្វផ្សាយ ពីមេរោគអេដស៍ជំងឺអេដស៍និងផលប៉ះពាល់ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរបស់យើងនៅថ្ងៃនេះ ក្នុងគោលបំណងផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលលេខ ០១បប ដែលបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័នអង្គភាពនានា ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយ ខ្លឹមសារមូលដ្ឋានចំណេះដឹងនានាដល់មន្ត្រី និងក្រុមគ្រួសារឲ្យមានការកែប្រែអាកប្បកិរិយាប្រកបដោយ សីលធម៌ គុណធម៌ ក្នុងការប្រព្រឹត្តតែទាក់ទងនឹងការរួមភេទ ប្រកបដោយសុវត្ថិភាព ដែលមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងត្រូវយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនធ្វើឲ្យខូចខាតអនាគត បំផ្លាញនូវសេដ្ឋកិច្ច សង្គមនិងក្រុមគ្រួសារ។
ឯកឧត្តម សេន សុីហ៍ត់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ទាក់ទិនទៅនឹងការឆ្លងនៃជំងឺអេដស៍និងបញ្ហាគ្រឿងញៀននូវតែជាបញ្ហាប្រឈមគួរឲ្យព្រួយបារម្ភនៅក្នុងប្រទេសកម្ពុជាយើងនៅឡើយ។ឯកឧត្តមបន្តថា រដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននូវតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភទាំងក្នុងតំបន់និងលើពិភពលោករួមទាំងកម្ពុជាផងដែរ ដូចនីតិកាលមុនៗដែរសម្រាប់នីតិកាលទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួនឯងកាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ផងដែរ។ដូចនេះដើម្បីចូលរួមចំណែកធានានូវប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលក៏ដូចជាការ លើកកម្ពស់នូវជំនឿទុកចិត្តប្រសិទ្ធភាពការងារនិងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទាំងក្នុងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលរាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ១-គ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិលមន្ត្រីនគរបាលជាតិនិងយោធិនព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ស្ថិតក្រោមឱវាទរបស់ខ្លួនដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២- គ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីរាជការស៊ីវិលមន្ត្រីនគរបាលជាតិយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ត្រូវមានពាក់ព័ន្ធនឹងគ្រឿងញៀនដោយខុសច្បាប់ ៕
0 comments:
Post a Comment