រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ចំពោះការអនុវត្តការងារជាច្រើនកន្លងមកបានល្អប្រសើរ ហើយការងារដែលមិនទាន់អនុវត្តបានល្អ ត្រូវចូលរួមអនុវត្តបន្ថែមទៀត ដោយធ្វើការប្រមើលមើលនូវបទពិសោធន៍ល្អៗ ដែលជាលទ្ធផលអនុវត្តបានល្អកន្លងមក។
ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំកម្រិតអគ្គនាយកដ្ឋាន ជាពិសេសកម្រិតនាយកដ្ឋានជំនាញត្រូវតែមានការជួបប្រជុំក្រុមការងារឱ្យបាន២ដង ក្នុងមួយសប្តាហ៍ ក្នុងការដាក់ចេញផែនការ និងពិនិត្យវឌ្ឍនភាពការងារជាប្រចាំ ដើម្បីអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយនូវទស្សនវិស័យរបស់ក្រសួងសុខាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ក្នុងនោះគោលដៅដែលត្រូវយកចិត្តទុកដាក់គឺត្រូវកាត់បន្ថយអត្រាឈឺដោយជំងឺមិនឆ្លង ជំរុញនូវការលើកកម្ពស់សុខភាពបន្តពូជ ម្តាយ និងទារក បង្កើនសមត្ថភាពស្ថាប័ន ដើម្បីផ្លាស់ប្តូរការដឹកនាំឱ្យត្រូវនឹងបរិបទបច្ចុប្បន្ន ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អង្គភាព ព្រមទាំងភាគីពាក់ព័ន្ធទាំងឡាយ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក្រើនរំលឹកដល់ថ្នាក់ដឹកនាំត្រូវត្រៀមចំពោះបញ្ហាប្រឈមចំពោះមុខដូចជា ឆ្លើយតបជាមួយតម្រូវការរបស់ប្រជាពលរដ្ឋទាក់ទងនឹងជំងឺឆ្លង សុខភាពសាធារណៈ ដោយបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព រហូតដល់កាត់បន្ថយនូវជំងឺរ៉ាំរ៉ៃ ដែលអាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងតាមដានការងារទប់ស្កាត់ជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់។ល។៕
0 comments:
Post a Comment