ភ្នំពេញ៖ថ្ងៃ ព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូល ASEM លើកទី ១៣ របស់យើងបានកំណត់គោលដៅរបស់ខ្លួន ដោយឈរលើគោលការណ៍នៃកំណើនរួមគ្នា ការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយម ផ្អែកលើវិធានច្បាប់
។សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM-13) បន្ទាប់ពីការរស់នៅអស់រយៈពេលជិត ២ ឆ្នាំ ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានមកលើអាយុជីវិតប្រជាជននិងសង្គម-សេដ្ឋកិច្ចសម្ដេចតេជោលើកឡើងថា ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏ សំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍៖ ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសង់ស៊ីស និងភាពជាដៃគូស្មើភាព ដែលសភាពការណ៍បច្ចុប្បន្នត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើងថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប
។អំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា។ ក្នុងន័យនេះ គោលបំណងសំខាន់ៗ កិច្ចប្រជុំកំពូល គឺ ទី១-ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា។ ទី២-លើកស្ទួយភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល។ ទី៣-លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់។ ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ទី៥-ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM និង ទី៦-ដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ដី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀតលើសពីនេះទៀត សម្ដេចតេជោបានបន្ថែមថា យើងក៏បានរៀបចំព្រឹត្តិការណ៍ អមចំនួន ៦ បន្ថែមទៀត ក្រោមកិច្ចសហការជាមួយដៃគូ ASEM ទាំងអស់ និងមូលនិធិអាស៊ី-អឺរ៉ុប ផងដែរ៕ សហការី
0 comments:
Post a Comment