ភ្នំពេញ៖ សមេ្ដច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យមានការឈប់សម្រាកក្នុងពិធីបុណ្យអុំទូក នាថ្ងៃទី ១៨ ដល់២០វិច្ឆិកា។ អំឡុងពេលឈប់សម្រាកនេះសម្ដេច លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដើរកម្សាន្តតាមរមណីយដ្ឋាននានា ដើម្បីស្ដារសេដ្ឋកិច្ច។
ក្នុងវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាល លើកឡើងដូច្នេះ៖ «អ្វីដែលមិនទាន់ពេញលេញគឺទេសចរបរទេស តែទេសចរផ្ទៃក្នុងឱ្យបើក នាំគ្នាដើរលេងទៅ»។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានស្នើឱ្យម្ចាស់អាជីវកម្ម និងរមណីយដ្ឋានយោគយល់ដល់អ្នកមិនទាន់ទទួលបានប័ណ្ឌចាក់វ៉ាក់សាំង អាចដើរកម្សាន្ត និងចូលហាងរបស់ខ្លួនជាធម្មតាសិន។ ប៉ុន្តែ នាពេល ២ទៅ៣ខែខាងមុខ អ្នកមិនទាន់មានប័ណ្ឌចាក់វ៉ាក់សាំង នឹងមិនអនុញ្ញាតឱ្យចូលហាង ឬកន្លែងកម្សាន្តណានោះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យ អ្នកដំណើរមកពីបរទេស ដែលមានលទ្ធផលតេស្តអវិជ្ជមាន ពេលមកដល់កម្ពុជា អាចចត្តាឡីស័ករយៈពេល១សប្តាហ៍ នៅតាមផ្ទះរៀងខ្លួនដោយមិនចាំបាច់ចត្តាឡីស័កក្នុងសណ្ឋាគារដូចមុនទេ។សូមជម្រាបផងដែរថា ក្រោយសម្រេចជោគជ័យ ក្នុងយុទ្ធនាការចាក់សាំងទូទាំងប្រទេសបាន ១០០ភាគរយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបើកប្រទេសលើគ្រប់វិស័យទាំងអស់។ យ៉ាងណាក៏ដោយ សម្ដេច អះអាងថា
ការបើកប្រទេសឡើងវិញលើគ្របវិស័យនេះ គឺអមជាមួយនឹងការប្រុងប្រយ័ត្នជាប់និច្ច ពោលគឺ មិនអាចធ្វេសប្រហែលនឹងជំងឺកូវីដ-១៩បានឡើយ៕
0 comments:
Post a Comment