ថ្ងៃទី 7 ខែ វិច្ឆិកា ឆ្នាំ 2021 12
ភ្នំពេញ៖ បើយោងតាមទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះផ្សព្វផ្សាយ ដែលបណ្ដាញព័ត៌មាន The Mirror News ទើបទទួលបានក្នុងគ្រាដែលឯកឧត្ដមបានដឹកនាំប្រតិភូថ្នាក់ដឹកនាំ ស.ស.យ.ក. ចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលខ្លឹមសារនោះ បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ និងការដឹងគុណចំពោះការលះបង់របស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំ និងឥស្សរជនបច្ចុប្បន្ន។
ឯកឧត្តមបានលើកឡើងថា៖ ខ្ញុំមិនភ្លេច និងចងចាំជានិច្ចនូវគុណូបការៈ និងគំរូវីរភាពរបស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំ និងឥស្សរជនបច្ចុប្បន្ន ក្នុងនោះរួមមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតផងដែរនោះ ដែលបានលះបង់ ដាក់អាយុជីវិតជាដើមទុន ក្នុងបេសកម្មរំដោះជាតិមាតុភូមិ និងការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបន្តលើកឡើងថា៖ គំរូវីរភាព ពលិកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្តល់នូវអ្វីដែលយើងមាននាថ្ងៃនេះ ហើយគំរូវីរភាពនេះ បានជ្រួតជ្រៀបក្នុងទឹកចិត្ត និងស្មារតីរបស់យើងខ្ញុំគ្រប់ៗរូប និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាទាំងអស់គ្នា ក្នុងការបន្តបំពេញបេសកកម្មថែរក្សា ការពារសុខសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម និងប្រទេសជាតិទៅអនាគត។
ឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំស.ស.យ.ក. បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានរៀបចំឡើងនៅគេហដ្ឋាននៃសព នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១៕
0 comments:
Post a Comment