អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWangWenbinបាននិយាយកាលពីថ្ងៃទី៤ខែវិច្ឆិកាថា”របាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិកដូចជារបាយការណ៍មុនៗគឺមិនពិតនិងពោរពេញដោយភាពលំអៀង” ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនសហរដ្ឋអាមេរិកកំពុងប្រើប្រាស់របាយការណ៍នេះ ដើម្បី«បំផ្លើសការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន»។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើឡើងបន្ទាប់ពីមន្ទីរបញ្ចកោណបានចេញផ្សាយរបាយការណ៍ស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិនកាលពីថ្ងៃទី៣ខែវិច្ឆិកា។របាយការណ៍ចុងក្រោយរបស់មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនអាចពង្រីកយ៉ាងឆាប់រហ័សដល់៧០០ក្បាលគ្រាប់នុយក្លេអ៊ែរនៅឆ្នាំ២០២៧និងក្បាលគ្រាប់នុយក្លេអ៊ែរ១,០០០នៅឆ្នាំ២០៣០។នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពីការព្យាករណ៍របស់មន្ទីរបញ្ចកោណកាលពីឆ្នាំមុនសម្រាប់អំណាចយោធារបស់ចិន។កន្លងមកយោងតាមរបាយការណ៍របស់សភាក្នុងឆ្នាំ ២០២០ មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថាប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល២០០គ្រាប់។ របាយការណ៍នេះក៏និយាយផងដែរថាក្នុងទស្សវត្សរ៍ក្រោយឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន ទំនងជាកើនឡើងទ្វេរដង នៅពេលដែលចិនពង្រីកនិងធ្វើទំនើបកម្មកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល៣,៧៥០ហើយមិនមានគម្រោងបន្ថែមបន្ថែមទៀតទេ។ នៅឆ្នាំ២០០៣អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល១០.០០០គ្រាប់។យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកប្រទេសចិនកំពុងវិនិយោគនិងពង្រីកចំនួនវេទិកានុយក្លេអ៊ែរនៅលើដីសមុទ្រនិងនៅលើអាកាស ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់ការពង្រីកកម្លាំងនុយក្លេអ៊ែររបស់ប្រទេសនេះផងដែរ។របាយការណ៍បាននិយាយថា ស្រដៀងទៅនឹងមហាអំណាចនុយក្លេអ៊ែរឈានមុខគេពីររបស់ពិភពលោកសហរដ្ឋអាមេរិក និងរុស្ស៊ី ប្រទេសចិនកំពុងសាងសង់ “នុយក្លេអ៊ែរ៣” រួមទាំងមីស៊ីលនុយក្លេអ៊ែរបាញ់ដល់ដីនាវាមុជទឹក និងយន្តហោះយុទ្ធសាស្ត្រ។របាយការណ៍ក៏បាននិយាយផងដែរថាប្រទេសចិនទំនងជាមិនធ្វើការវាយប្រហារនុយក្លេអ៊ែរដែលមិនមានការបង្កហេតុទៅលើប្រទេសដែលមានអាវុធនុយក្លេអ៊ែរនោះទេ ជាពិសេសគឺសហរដ្ឋអាមេរិក។ប៉ុន្តែទីក្រុងប៉េកាំងចង់ការពារការវាយប្រហារពីខាងក្រៅដោយរក្សានូវសមត្ថភាពក្នុងការឆ្លើយតបជាមួយនឹងអាវុធនុយក្លេអ៊ែរ។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកស្រាវជ្រាវឯករាជ្យបានបញ្ចេញរូបភាពផ្កាយរណបដែលបង្ហាញពីអណ្តូងបាញ់មីស៊ីលនុយក្លេអ៊ែរថ្មីនៅភាគខាងលិចប្រទេសចិន។មន្ត្រីការពារជាតិអាមេរិកបាននិយាយថាការបង្កើនល្បឿននៃអាវុធនុយក្លេអ៊ែររបស់ចិននិងសូម្បីតែការសាកល្បងកាំជ្រួចដែលមានល្បឿនលឿនជាងសំឡេងនៅរដូវក្តៅនេះគឺជាចលនា “គួរឱ្យព្រួយបារម្ភ” ។ចិនបានអះអាងថាចំនួនអាវុធនុយក្លេអ៊ែរដែលខ្លួនមានគឺមានតែមួយចំណែកប៉ុណ្ណោះនៃរុស្ស៊ីនិងអាមេរិក។ទីក្រុងប៉េកាំងក៏បានបញ្ជាក់ផងដែរថាកម្លាំងនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងការពារប៉ុណ្ណោះនិងមិនបង្កការគំរាមកំហែងដល់ភាគីណាមួយឡើយ។អាមេរិកបានអំពាវនាវម្តងហើយម្តងទៀតឲ្យចិនចូលក្នុងការចរចាត្រីភាគីជាមួយអាមេរិកនិងរុស្ស៊ីដើម្បីឈានដល់សន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មី។ ទោះជាយ៉ាងណាក៏ដោយទីក្រុងប៉េកាំងបានច្រានចោលការផ្តល់ជូននេះ ក្រោមហេតុផលថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនមានទំហំតូចពេកបើធៀបនឹងរុស្ស៊ីនិងអាមេរិក ។ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាទ្វេរភាគីស្តីពីសន្តិសុខជាយុទ្ធសាស្ត្រដោយឈរលើមូលដ្ឋានសមភាពនិងការគោរពគ្នាទៅវិញទៅមក៕យោងតាម AFP
0 comments:
Post a Comment