ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលបាបអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្ដេចតេជោបានលើកឡើងយ៉ាងដូច្នេះទៀតថា៖ «ស្ដាយណាស់ ជាមួយនឹងអ្នកវិភាគមួយចំនួន ថ្នាក់បណ្ឌិតថ្នាក់ស្អីឯណា ងាប់ហើយ ! បើខ្លួនធ្លាប់ធ្វើនាយករដ្ឋមន្ត្រីត្រឹមតែមួយខែពីរខែអាចថាមានពិសោធន៍ខ្លះ ដឹងថាទំនាក់ទំនងជាមួយអ្នកក្រៅយ៉ាងម៉េច ទំនាក់ទំនងជាមួយអ្នកក្នុងយ៉ាងម៉េច ជាមួយរដ្ឋមន្ត្រីយ៉ាងម៉េច? ប៉ុន្តែមិនមានពិសោធន៍អ្វីទាល់តែសោះ បែរជាលើកផ្តល់វិភាគទានថាគួរតែធ្វើអញ្ចេះធ្វើអញ្ចុះ ឥរិយាបថយ៉ាងម៉េច? អានេះគឺបង្រៀនត្រីឱ្យចេះហែលទឹកសុទ្ធតែម្ដង»។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន មិនបានលើកឡើងចំឈ្មោះ ឬបង្ហើបអំពីអ្នកវិភាគដែលសម្តេចចង់និយាយសំដៅនោះទេ ប៉ុន្តែមុនឈានដល់ ការរិះគន់ទៅលើទស្សនទានរបស់អ្នកវិភាគទាំងនេះ សម្តេចបានសម្តែងការហួសចិត្ត និងរិះគន់អំពីវេទិកាសាធារណៈមួយរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានឃោសនាបំភាន់អ្នកគាំទ្រខ្លួនថា ប្រធានាធិបតីអាមេរិកបានដាក់គំនាបលើនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ កាលពីថ្ងៃទី២៦ ដល់២៨ ខែតុលា កន្លងទៅនេះ។
សម្ដេចតេជោបន្តថា «រឿងអ្វីដែលកិច្ចប្រជុំអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា មកដាក់គំនាបលើកម្ពុជា មេដឹកនាំគេមានសីលធម៌របស់គេ ! ខ្ញុំមិនយល់ទេ ឱ ! ហេតុតែគ្នាវាមិនដែលធ្វើនាយករដ្ឋមន្ត្រី និយាយអញ្ចឹងទៅចុះ មិនមែនជាការឌឺ ឬទេ ប៉ុន្តែការពិតវាអញ្ចឹង ហេតុតែគ្នាវាមិនដែលធ្វើនាយករដ្ឋមន្ត្រី ឬហេតុតែគ្នាមិនដែលធ្វើរដ្ឋមន្ត្រី ទើបបានជាមិនដឹងថាតើទំនាក់ទំនងរវាងប្រធានាធិបតីនិងប្រធានាធិបតី នាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រី គេទំនាក់ទំនងគ្នាដោយសីលធម៌បែបណា»។
សម្តេចបានរិះគន់បន្ថែមថា «ពេលខ្លះយើងមានសេដ្ឋវិទូ ទស្សនវិទូ ប៉ុន្តែក៏យើងមាន “អាល្ងង់ទូ”ដែរ ខ្ញុំមិនចង់ឱ្យខ្មែរយើងក្លាយទៅជា “អាល្ងង់ទូ” ទេ ខ្ញុំចង់ឱ្យខ្មែរយើងក្លាយទៅជាអ្នកចេះដឹង»។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ជាទស្សនទានដល់អ្នកវិភាគទាំងនោះថា បើចង់វិភាគឲ្យបានល្អ ត្រូវឈរលើចំណុចកណ្ដាល មិនលម្អៀង ហើយបើអ្នកវិភាគទៅឆ្វេងហើយ គឺរកចំណុចត្រូវមិនឃើញឡើយ៕
0 comments:
Post a Comment