កងទ័ពឥណ្ឌាត្រូវបានគេរំពឹងថានឹងដាក់ពង្រាយកងយន្តហោះគ្មានមនុស្សបើក(UAVs) ដើម្បីវាយប្រហារប្រភេទ”ហ្វូង”នៅជិតព្រំដែនចិនក្នុងបរិបទនៃភាពតានតឹងរវាងប្រទេសទាំង២ដែលបង្ហាញពីសញ្ញានៃការមិនថមថយ។សារព័ត៌មានSputnikបានរាយការណ៍ថាយោធាឥណ្ឌាបានរៀបចំផែនការដាក់ពង្រាយUAVsវាយប្រហារនៅតំបន់ព្រំដែនចិនក្នុងកិច្ចប្រឹងប្រែងមួយដើម្បី”រកឃើញសកម្មភាពរបស់សត្រូវនិងគោលដៅលើកងកម្លាំងជើងគោករបស់គូប្រជែង រួមទាំងកងទ័ព យានជំនិះ និងបណ្តាញបញ្ជា និងត្រួតពិនិត្យ”។
UAVs ទាំងនេះនឹងត្រូវនាំយកទៅតំបន់ព្រំដែនរវាងឥណ្ឌានិងចិននៅតំបន់ហិម៉ាឡៃយ៉ា( Himalaya)។Swarm Drone គឺជាក្រុម UAVs ដែលប្រតិបត្តិការជាមួយកងកម្លាំងជើងគោក ដើម្បីផ្តល់ភាពចល័តតាមអាកាសក្នុងបេសកកម្មវាយលុកនិងការពារ។ការប្រយុទ្ធដោយប្រើ UAVs ដើម្បីវាយប្រហារ “ហ្វូង” ត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រប្រយុទ្ធថ្មីមួយនាពេលអនាគត។ ក្នុងករណីជាច្រើន UAVs មានទំហំតូច។ប៉ុន្តែត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗជាច្រើនដូចជា ប្រព័ន្ធឈ្លបយកការណ៍សង្គ្រាមអេឡិចត្រូនិច ឬសូម្បីតែយកគ្រឿងផ្ទុះដើម្បីប្រែក្លាយទៅជាUAVs “អត្តឃាត”។យន្តហោះគ្មានមនុស្សបើកមួយក្រុមធំដែលប្រញាប់ប្រញាល់ទៅកាន់គោលដៅអាចរំខានដល់ខែលការពារដែនអាកាសនិងបង្កការខូចខាតយ៉ាងធំ។ UAV “swarm” ត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏អស្ចារ្យនិងពិសេសមួយនៃសង្គ្រាមសម័យទំនើប។កងកម្លាំង UAV របស់ឥណ្ឌាអាចវាយប្រហារគោលដៅឬរកឃើញចលនារបស់សត្រូវនៅចម្ងាយរហូតដល់៥០ គីឡូម៉ែត្រ។ យោធាឥណ្ឌាបាននិយាយថាយន្តហោះទាំងនោះនឹងអាចដំណើរការយ៉ាងតិច២ម៉ោងក្នុងសីតុណ្ហភាពរងសូន្យនៅ Himalaya។ប្រទេសឥណ្ឌាបាននិយាយថា យន្តហោះចម្បាំង UAVs នឹងគាំទ្រដល់ការឃ្លាំមើលលើដីដើម្បីស្វែងរកសកម្មភាពរបស់សត្រូវនៅរយៈកម្ពស់ជាង៤,៥០០ ម៉ែត្រ។កន្លងមកឥណ្ឌាបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសថ្មីដើម្បីទប់ទល់នឹងការគំរាមកំហែងតាមផ្លូវអាកាសពីសត្រូវនៅក្នុងតំបន់ជាប់ព្រំដែនចិន។ភាពតានតឹងរវាងចិននិងឥណ្ឌាបានឡើងកម្តៅចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមកបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅភ្នំ Himalaya ដែលភាគីទាំង២ទាមទារអធិបតេយ្យភាព។មនុស្សយ៉ាងតិច២៤នាក់នៅសងខាងត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា។វាត្រូវបានគេចាត់ទុកថាជាលើកទី១ក្នុងរយៈពេលជាង៤០ឆ្នាំដែលការប៉ះទង្គិចគ្នាដ៏សាហាវបានកើតឡើងនៅក្នុងតំបន់ដែលមានជម្លោះរវាងយោធាចិននិងឥណ្ឌា។ចាប់តាំងពីការប្រយុទ្ធគ្នាភាពតានតឹងរវាងប្រទេសទាំង២បានកើនឡើងជាបន្តបន្ទាប់ នៅពេលដែលភាគីទាំង២បានដាក់ពង្រាយកងទ័ព និងសព្វាវុធទៅកាន់ “ចំណុចក្តៅ” ។យោងតាមសារព័ត៌មាន Sputnik ភាគីទាំង២បានបញ្ជូនទាហាន៥០ម៉ឺននាក់បន្ថែមទៀត អាវុធទំនើប និងកាំជ្រួចទៅកាន់តំបន់ព្រំដែននៅ Ladakh។ បច្ចុប្បន្ននេះ កិច្ចចរចាថ្នាក់ដឹកនំាយោធារវាងប្រទេសទាំង២មិនទាន់មានវឌ្ឍនភាពជាក់ស្តែងនៅឡើយ។ បើទោះបីជាភាគីទាំង២បានកាត់បន្ថយកម្លាំងរបស់ពួកគេនៅក្នុងចំណុចក្តៅមួយចំនួនក៏ដោយ។ឥណ្ឌាចោទចិនថាបានបង្កើតអំណាចវាយលុកនៅជិតបន្ទាត់គ្រប់គ្រងឥណ្ឌា-ចិន (LAC)។ មេទ័ពឥណ្ឌា ឧត្តមសេនីយ Manoj Mukund Naravane បានប្តេជ្ញាប្រឆាំងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ពង្រាយយោធារបស់ចិនដោយកម្លាំងស្មើគ្នា៕យោងតាម Sputnik
0 comments:
Post a Comment