ខេត្តព្រះសីហនុ៖កម្ពុជាបានផ្តល់តម្លៃលើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះការគោរពសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ។ រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅឱ្យមានស្មារតី ទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័នស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ការសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធ ផលនានាប្រកបដោយមហាសាមគ្គីភាពដ៏ស្អិតរមួត និងស្និទ្ធស្នាលបំផុតក្នុងវិស័យព្រះពុទ្ធសាសនា ស្របនឹងស្ថានភាពដែលប្រជាជនកម្ពុជារស់នៅប្រកបដោយសុខដុមរមនា មានសុខសន្តិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលសភាពការណ៍អន្តរជាតិ និងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ មានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈរីកចម្រើនលើគ្រប់វិស័យប្រកបដោយភាពវិជ្ជមាន។ ជាក់ស្តែងការផ្តល់តម្លៃដល់ការប្រកាន់យកភាពអហិង្សា ការអត់អោន ការយកចិត្តទុកដាក់ ការគោរពប្រតិបត្តិ សេចក្តីស្រលាញ់មេត្តា និងករុណាបានរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្សដែលមានចំណេះដឹង និងគុណធម៌សម្រាប់ថែ រក្សាការពារ និងកសាងប្រទេសជាតិស្ថិតលើមាគ៌ានៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ គុណតម្លៃទាំងអស់នេះ គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់សម្រាប់ជាពន្លឺនៃការដឹកនាំជីវិត និងការបំពេញវិជ្ជាជីវៈរបស់ពុទ្ធសាសនិកជន៕
0 comments:
Post a Comment