ខេត្តបន្ទាយមានជ័យ៖ ថ្ងៃ៨ មិនា បានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំលឹកអំពីការតស៊ូរបស់នារីទូទាំងពិភពលោក ដែលបានខិតខំប្រឹងប្រែង ដើម្បីរំដោះនារី ដោយទាមទារឲ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងនារី។ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានបរសាសន៍បែបនេះក្នុងពិធីអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មិនា ១៩១១, ៨ មិនា ២០២៤ ដែលបានរៀបចំឡើងនៅសាលាខេត្តបន្ទាយមានជ័យ។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ថ្ងៃ៨ មិនា ឆ្នាំ២០២៤ នេះគឺជាថ្ងៃដ៏វិសេសវិសាល ដែលបានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ១១៣ ក្រោមប្រធានបទ "ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្ម ឌីជីថល" ក្នុងគោលបំណងបន្តរំលេច ពីរតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សា សុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកស្រី ម៉េង គឹមហួយ បានបន្តថា ថ្មីៗនេះ នៅក្នុងពិធីសន្និបាតក្រសួងកិច្ចការនារី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍និងលើកទឹកចិត្ត ឲ្យក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្ដោតការយកចិត្តទុកដាក់ លើកដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល ការប្រើប្រាស់ឌីជីថល និងការអប់រំចំណេះដឹងនិងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដែលជាវិស័យមានប្រជាប្រិយភាពក្នុងសម័យឌីជីថល។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សព្វថ្ងៃនៅកម្ពុជាពិតមែន តែមានច្បាប់ជាតិច្បាប់អន្តរជាតិ ដូចជាសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជា ត្រង់ជំពូក៣ ដែលស្ដីពីសិទ្ធិនោះ ហើយក៏ដោយ ក៏វិសមភាពរវាងបុរសនិងស្ត្រីការរើសអើងប្រឆាំងនិងនារីភេទ ការរំលោភសិទ្ធស្ត្រីហិង្សាក្នុងគ្រួសារ នៅតែកើតមានជាបញ្ហា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលយើង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ ខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះ មកផ្សព្វផ្សាយដល់មនុស្សគ្រប់រូបទាំងបុរសនិងស្ត្រី ដើម្បីជួយស្ត្រីឲ្យមានភាពយុត្តិធម៌ ក្នុងការទទួលសិទ្ធិនិងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយទប់ស្កាត់ លុបបំបាត់ចោលនៅបញ្ហាទាំងឡាយខាងលើ ដែលមានចំពោះស្ត្រីភេទ។ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម អស់លោក ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព បានផ្ដល់ជូននូវបាច់ផ្កា កន្ត្រកផ្កា កាដូអនុស្សាវរីយ៍ដល់លោកជំទាវ លោកស្រី នាឱកាសនោះផងដែរ៕
0 comments:
Post a Comment