ខេត្តព្រះសីហនុ៖ថ្លែងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ដែលប្រព្រឹត្តទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ
នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានបញ្ជាក់ថា មន្ទីរបានរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈក្នុងសារមន្ទីរ ដើម្បីទទួលភ្ញៀវចូលទស្សនា។ យើងបានចុះបញ្ជីសាលាបត្រវត្ថុបុរាណ វត្ថុសិល្បៈចំនួន ៣០១វត្ថុ ដែលរឹបអូសបានក្នុងឆ្នាំ២០២០ និងប្រជាពលរដ្ឋប្រគល់ឱ្យ បានចុះបញ្ជីក្រៅឃ្លាំងតាមប្រព័ន្ធ Data base រួចរាល់។ បានចេញលិខិតអនុញ្ញាត្តឱ្យប្រកបរបរអាជីវកម្មផ្នែកសិល្បៈចំនួន ៤២ក្រុម (សម័យនិងបុរាណ) ១.ភ្លេងប្រពៃណីមានចំនួន ១៥ក្រុម ២.ភ្លេងសម័យមានចំនួន ២២ក្រុម ៣.ក្រុមសិល្បៈមហាជនមានចំនួន ០២ក្រុម ៤.អង្គការមានចំនួន ០៣ក្រុម។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី យើងបានចងក្រងបោះពុម្ព និងផ្សព្វផ្សាយនូវប្រពៃណីទំនៀមទំលាប់ជនជាតិដើមភាគតិច (ស្អូច) មានដូចជា៖ ឧបករណ៍នេសាទ ចំណេះ ជំនាញ ការរៀបអាពាហ៍ពិពាហ៍។ សហការជាមួយក្រុមសិល្បៈមហាជនបក្សីចាំក្រុង ក្រុមសិល្បៈមហាជនអូរឧកញ៉ាហេងក្នុងការសម្តែងសិល្បៈទទួលភ្ញៀវទេសចរតាមរយៈនាវា Westerdam ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុលើកទី២ បំផុសសិស្ស និស្សិត យុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរតាមទីសាធារណៈ សាលារៀន វត្តអារាម បំផុសស្មារតីឱ្យចេះស្រលាញ់ ការពារ និងថែរក្សាវប្បធម៌ជាតិ ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ បានបង្ហាត់បង្រៀនតម្រង់ទិសដល់សិល្បករ សិល្បការិនីតាមក្រុមសិល្បៈមហាជនឱ្យជួយថែរក្សាមរតកដ៏មានតម្លៃឱ្យមានជីវិតគង់វង្ស ស្របតាមពាក្យស្លោក «វប្បធម៌ ដើម្បីការអប់រំ ការអប់រំ ដើម្បីវប្បធម៌»។ ការត្រួតពិនិត្យ កែតម្រូវផ្ទាំងសញ្ញា ផ្ទាំងយីហោ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍ អក្ខរាវិរុទ្ធរបស់ជាតិ កាត់បន្ថយនូវវិការភាព នៃការប្រើប្រាស់ភាសាខ្មែរ។ វិការភាព នៃការប្រើប្រាស់ភាសាខ្មែរមាន ៣ចំណុចសំខាន់ៗមាន ១.វិការភាពក្នុងសំណេរ ២.វិការភាពក្នុងការនិយាយ ៣.វិការភាពក្នុងការប្រើន័យសេចក្តី ៕
0 comments:
Post a Comment