ខេត្តកណ្តាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងសិក្ខាសាលា នៅសាលាខេត្តកណ្តាលនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ថា៖សិក្ខាសាលានាពេលនេះ គឺបង្កើនការយល់ដឹង ចែករំលែក ព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ សំដៅសហការផ្សព្វផ្សាយជាលក្ខណៈចម្រុះជាពិសេស អាជ្ញាធរមូលដ្ឋាន ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពអាជីវកម្មមូលបត្រត្រឹមត្រូវតាមច្បាប់ និងសកម្មភាពអាជីវកម្ម មូលបត្រដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និងខាតបង់លុយកាក់របស់ បងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគខុសច្បាប់ណាមួយជាយថាហេតុ។
ឯកឧត្តមបន្តថា៖ស្របពេលដែលសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន គួបផ្សំនឹងបរិយាកាសវិនិយោគកាន់តែល្អប្រសើរ រួមផ្សំនឹងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន វិទ្យា យើងសង្កេតឃើញថា សកម្មភាពផ្សព្វផ្សាយកៀរគរថវិកាពីបងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគ ឬការជួញដូរក្នុងទីផ្សារមូលបត្រ ដែលគ្មានប្រភពច្បាស់លាស់ ដោយសន្យាផ្ដល់ប្រាក់ចំណេញខ្ពស់ ប៉ុន្តែជាក់ស្តែង គឺជាការឆបោក បានកើតមាន ឡើងជាបន្តបន្ទាប់។ ជាក់ស្តែង មានក្រុមហ៊ុន អង្គការ សមាគម និងបុគ្គលដែលមានប្រជាប្រិយ ឬអ្នកជោគជ័យក្នុងបណ្តាញសង្គមមួយចំនួនតូចបានឃោសនាទាក់ទាញឱ្យប្រជាពលរដ្ឋចូលរួមដាក់ទុនរកស៊ីដោយផ្សព្វផ្សាយតាមFacebook, Tik Tok, Telegram ជាដើម។ល។ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ ក្នុងរយៈពេលខ្លី នឹងទទួលបានផលចំណេញច្រើន។តាមរយៈការផ្សព្វផ្សាយប្រកបដោយវិធីសាស្ត្រ ល្បិចទាំងនេះប្រជាពលរដ្ឋរបស់យើង ក៏ទុកចិត្ត ជាប់អន្ទាក់ និងបានធ្វើការវិនិយោគ ហើយចុងក្រោយទើបដឹងថាចាញ់បោកអ្នកវិយោគិនទាំងនោះ ដោយខាតបង់ទាំងប្រាក់កាក់ និងពេលវេលា។ដូច្នេះសិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងវិស័យមូលបត្រ និងដើម្បីឱ្យអាជ្ញាធរមូលដ្ឋានរបស់ខេត្ត មានការយល់ដឹងកាន់តែច្បាស់ ដើម្បីបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យយល់ដឹងអំពីសកម្មភាព អាជីវកម្មមូលបត្រត្រឹមត្រូវតាមច្បាប់ និងសកម្មភាពអាជីវកម្មបណ្តាក់ទុនរកស៊ីដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និង ខាតបង់លុយកាក់របស់បងប្អូនប្រជាពលរដ្ឋ និងអាចមានសមត្ថភាពធ្វើការបង្ការ ទប់ស្កាត់បានទាន់ពេលវេលា ចំពោះករណីការបោកប្រាស់ណាមួយពីវិនិយោគិនមួយ ចំនួនតូច ទៅលើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើង។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា៖ ដើម្បីឲ្យសង្គមជាតិយើង សេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនដោយចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ។ឯកឧត្តមអគ្គនាយកក៏បានណែនាំដល់សារធារណៈជនទូទៅ សូមកុំខ្លាចចំពោះការវិនិយោគ ប៉ុន្តែត្រូវធ្វើការវិនិយោគដោយត្រឹមត្រូវ ដែលនឹងផ្តល់នូវការរីកចម្រើន និងកំណើនហិរញ្ញវត្ថុ។ សូមវិនិយោគលើផលិតផលស្របច្បាប់ជាមួយនឹងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីអាជ្ញាធរ និយ័តករមានសមត្ថកិច្ច ហើយត្រូវប្រុងប្រយ័ត្នចំពោះគម្រោងវិនិយោគ ឬការផ្សព្វផ្សាយដើម្បីកៀរគរទុនវិនិយោគ ដែលសន្យាផ្ដល់នូវប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ព្រោះការវិនិយោគ ឬការផ្សព្វផ្សាយទាក់ទាញសាធារណជនឱ្យដាក់ប្រាក់បែបនេះ អាចជាការឆបោក៕
0 comments:
Post a Comment