(ភ្នំពេញ)៖លទ្ធផលប្រលងបាក់ឌុប បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព និងភាពល្អប្រសើរនៃការធ្វើកំណែទម្រង់អប់រំ ជាពិសេសការប្រលងបាក់ឌុប។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ នៅមជ្ឈណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)នាព្រឹកថ្ងៃ៩ ខែមករា ឆ្នាំ២០២៤ នេះ ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងមូលធនមនុស្ស គឺជាកិច្ចការដ៏សំខាន់ហើយ ការអប់រំមិនមែនសម្រាប់តែគោលដៅប្រាក់ខែមួយមុខនោះទេ។ គោលដៅធំ៤នៃការអប់រំ គឺអប់រំជាមនុស្សមានចំណេះដឹង, ចេះធ្វើ បង្កើតជំនាញ, ជាពលរដ្ឋល្អ មានសីលធម៌, និងអប់រំឱ្យចេះរស់នៅក្នុងប្រកបដោយសុខដុមរមនា។ ការកំណែទម្រង់ប្រលងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ និងបង្កើតនូវវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯង។សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា កំណែទម្រង់មិនមែនជាបដិវត្តន៍ ដោយលុបចោលរាល់គោលនយោបាយចាស់នោះឡើយ។
សម្តេចធិបតីបន្តថា ដើម្បីកំណែទម្រង់ទទួលបានជោគជ័យត្រូវឈរលើកត្តាចំនួន៤រួមមាន៖ ១) មានចក្ខុវិស័យច្បាស់លាស់ ដោយឈរលើប្រយោជន៍ជាតិ, ២) ការប្តេជ្ញាចិត្តខ្ពស់, ៣) ការចូលរួមដោយស្មោះត្រង់ និង៤) ការលះបង់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចារឯកភាពឱ្យក្រសួង៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។ សម្តេចមានសុទិដ្ឋិនិយមខ្ពស់ក្នុងការកសាងជាតិឆ្ពោះទៅរកការរីកចម្រើន តែទាមទារឱ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សនិទ្ទេសAទាំងអស់ ដែលក្នុងម្នាក់ៗទទួលបាន ថវិកា ២លានរៀល iPad មួយគ្រឿង សៀវភៅអប់រំទូន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ផងដែរ។ ចំណែកលោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកចូលរួមជាង៤២៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១លានរៀល សៀវភៅអប់រំ២ក្បាល និងផ្ដល់ជូនសាលារៀនដែលសិស្សបាននិទ្ទេសAទាំងអស់ ក្នុង១សាលាទទួលបានថវិកា៣លានរៀលផងដែរ៕
0 comments:
Post a Comment