បន្ទាយមានជ័យ៖លោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២៤ បានដឹកនាំសិក្ខាកាមដែលបានសិក្សាក្នុងវគ្គ" បណ្ដុះបណ្ដាលអំពីការផលិតកែច្នៃចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ការពង្រីកទីផ្សារនិងការត្រៀមខ្លួនក្នុងការនាំចេញ ខេត្តបន្ទាយមានជ័យ" ២៣-២៥ មករា ២០២៤ ក្រោមគម្រោងជំនួយរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានសហការជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានចុះធ្វើទស្សនៈកិច្ចសិក្សានៅ សិប្បកម្ម សញ្ញាភ្នំមាស ផលិតទឹកស៊ីអុីវ ទឹកត្រី ទឹកម្ទេស ដែលមានទីតាំងនៅ ភូមិ គោរដ្ឋាន សអូរអំបិល ស្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត បានមានប្រសាសន៍ថា ក្នុងវគ្គ" បណ្ដុះបណ្ដាលអំពីការផលិតកែច្នៃចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ការពង្រីកទីផ្សារ និងការត្រៀមខ្លួនក្នុងការនាំចេញ ដែលមានរយៈពេល ២ ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី ២៣ដល់ ២៥ ខែមករា សិក្ខាកាមទាំងអស់បានសិក្សាពីមូលដ្ឋានគ្រឹះចម្បងសំខាន់ៗ នៃការផលិត ផលិតផល សុវត្ថិភាពម្ហូបអាហារ គុណភាពនិងស្តង់ដារអនាម័យ ។ ដោយឡែក សិក្ខាកាមទាំងអស់ និងបានស្វែងយល់កាន់តែច្បាស់ ពីរខ្សែច្រវ៉ាក់ផលិតកម្ម ដំណើរការផលិត ការវេចខ្ចប់ ការរក្សាទុក្ខផលិតផលសម្រេច ការរក្សាទុកវត្ថុធាតុដើមគ្រឿងផ្សំ ដែលមានស្តង់ដារអនាម័យល្អ។ ដើម្បីជាបទពិសោធន៍ យកទៅអនុវត្តនៅក្នុងសិប្បកម្មរបស់ខ្លួន សម្រាប់ជំរុញលើកកម្ពស់ដំណើរការបច្ចេកទេស ក្នុងផលិតកម្មម្ហូបអាហារ ឱ្យមានគុណភាពស្តង់ដារ និងតំរូវការទីផ្សារក្នុងស្រុក ហើយអាចបន្តនាំចេញ ទៅក្រៅប្រទេសបានផងដែរ។
លោក ញ៉ិល ប៊ុនធឿន ក៏បានលើកទឹកចិត្តឲ្យ សិប្បករ ផលិតករ ខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងការផលិត លទ្ធផលក្នុងស្រុក ឱ្យមានគុណភាពខ្ពស់ និងសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជា ងាកជួយគាំទ្រផលិតផលនៅក្នុងស្រុក ពីព្រោះនៅពេលបច្ចុប្បន្ននេះ ផលិតផលមួយចំនួនដែលបរ ទេសផលិតបាន ខ្មែរយើងក៏អាចផលិតបានដែរ ហើយផលិតផលទាំងនោះកំពុងតែលក់នៅលើ ទីផ្សារត្រដម ត្រសង គ្នា។ ហើយ ប្រសិន បើយើងទាំងអស់គ្នាងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក នោះគឺបានជួយអោយសេដ្ឋកិច្ច ក្នុងប្រទេស បានដើរវិលជុំ និងអាចចំណេញបានច្រើនថែមទៀត។
សូមបញ្ជាក់ផងដែរថា សិប្បកម្ម សញ្ញាភ្នំមាស គឺជាសិប្បកម្មដែលមានផលិតទឹកស៊ីអុីវ ទឹកត្រី ទឹកម្ទេស ដែលមានរយៈពេល ៣០ឆ្នាំមកហើយ ក្នុងខេត្តបន្ទាយមានជ័យ ហើយក៏ជាសិប្បកម្មមួយដែលទទួលស្គាល់ ដោយស្តង់ដារអនាម័យ ISO,HACPP, Hazard.និងវិញ្ញាបនប័ត្របញ្ជាក់ពីគុណភាពផលិតផលជាច្រើនទៀត និងមានការអនុវត្ត ស.៥ (សម្រិតសម្រាំង, សំអាត, សណ្ដាប់ធ្នាប់, ស្ថិតស្ថេរ, ស្តង់ដា) បានយ៉ាងភ្ជាប់ខ្ជួន៕
0 comments:
Post a Comment