ខេត្តស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តស្វាយរៀង បាននិងកំពុងដំណេីការនៅតាមបណ្តាក្រុង-ស្រុកគោលដៅមួយចំនួន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ចំពោះមុខដើម្បីឆ្លើយតបបញ្ហានេះ មន្រ្តីជំនាញពាក់ព័ន្ធត្រូវបន្តការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឲ្យបានសម្រេចមុនផែនការកំណត់ គឺយើងត្រូវលើកយកបញ្ហាប្រឈម និងការខ្វះខាត ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យការងារចុះបញ្ជីដីធ្លី ទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះ ក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងដែលមិនទាន់បានដាក់ពាក្យស្នើសុំចុះបញ្ជីដីនៅឡើយនោះ ត្រូវឲ្យបងប្អូនចូលរួមជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងការបំពេញបែបបទលិខិតបទដ្ឋានផ្សេងៗអោយបានត្រឹមត្រូវ។
ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានស្នេីឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់ត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុង ការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដេីម ទន្ទឹមនេះក៏សូមលើកនូវទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន នឹងស្តាប់ពីការផ្សព្វផ្សាយណែនាំក្នុងកិច្ចប្រជុំនៅថ្ងៃនេះដេីម្បីយកទៅអនុវត្ត។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា គោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូមជម្រុញដល់ក្រុមការងារ ចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឲ្យបានរួចរាល់ទូទាំងប្រទេសនាឆ្នាំ២០២៥ខាងមុខ៕
0 comments:
Post a Comment