មណ្ឌលគិរី៖ ដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៥ឆ្នាំ (១៩៧៩-២០២៤) នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកឡាវាយសីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាវាយសីពានរង្វាន់ ៧ មករា លើកទី២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកីឡាវាយសីខេត្តមណ្ឌលគិរី រួមទាំងកីឡាករ កីឡាការិនីជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីរួមខេត្តមណ្ឌលគិរី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំប្រកួតកីឡាវាយសីពានរង្វាន់ ៧ មករា ក្នុងទីលានវាយសីខេត្តមណ្ឌលគិរី រយៈពេល២ថ្ងៃ ប្រកបដោយភាពរលូន និងមានស្មារតីសហការសាមគ្គីភាពខ្ពស់ រវាងមន្ត្រីរបស់ខេត្ត និងក្រុមការងារសហព័ន្ធកីឡាវាយសីកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ក្លឹបឬសម្ព័ន្ធកីឡាវាយសីតាមបណ្តាលខេត្ត/ក្រុង ដែលបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីសហព័ន្ធកីឡាវាយសី បានបញ្ជូនកីឡាករ កីឡាការិនីឆ្នើមៗមកពី១៤ក្លឹប មានចំនួន១៩៨នាក់ ចូលរួមប្រកួត ដើម្បីញ៉ាំងឲ្យកម្មវិធីនេះ កាន់តែមានភាពអធិកអធម ឈរលើស្មារតី សហការសាមគ្គីភាព មិត្តភាព ប្រកបដោយទឹកមុខសប្បាយរីករាយ រាក់ទាក់ស្រឡាញ់រាប់អាន គា្នទៅវិញទៅមកគួរជាទីមោទនៈ។ ឯកឧត្តម បន្ថែមថា ដើម្បីរំលឹកគុណ និងចងចាំជានិច្ច ដល់ថ្ងៃដ៏មហាអស្ចារ្យនេះ សម្រាប់យុវជនជំនាន់ ក្រោយដែលមិនធ្លាប់ឆ្លងកាត់ឲ្យបានយល់ដឹង និងដើម្បីរួមកំលាំងមហាសាមគ្គីដ៏រឹងមាំបំផុត ផ្តាច់ជ្ញាការពារ មិនឲ្យរបបដ៏ឃោឃៅនេះវិលត្រឡប់មកវិញបានជាដាច់ខាត នោះទើបសហព័ន្ធកីឡាវាយសីកម្ពុជាប្រសិទ្ធនាមការប្រកួតកីឡានេះថា "កីឡាវាយសីពានរង្វាន់៧ មករា”ដែលបានប្រារព្ធធ្វើជារៀងរាល់មួយឆ្នាំម្តង។ ឯកឧត្តម បន្ថែមទៀតថា ការប្រកួត គឺជាការវាស់ស្ទង់សម្ថភាពរបស់កីឡាករ កីឡាការិនីម្នាក់ៗ ឲ្យបានដឹងកាន់តែច្បាស់ពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួន ក្រោយការប្រកួត ថាតើកីឡាករម្នាក់ៗ កំពុងឈរនៅ កំរិតណា? តើត្រូវខិតខំហ្វឹកហាត់របៀបណា ដើម្បីឈានទៅដណ្ដើមបានមេដាយមាសនៅពេលក្រោយៗទៀត។ ឯកឧត្តម ប្រធានសហព័ន្ធកឡាវាយសីកម្ពុជា បានលើកទឹកចិត្ត និងកោតសរសើរចំពោះកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី រីឯកីឡាករ កីឡាការិនី ដែលប្រកួតចាញ់ ត្រូវរៀបចំខ្លួនហ្វឹកហាត់ឲ្យបានល្អ ដើម្បីដណ្ដើមយកជ័យជម្នះលើការប្រកួតឲ្យបាន ទើបសាកសមនឹងពាក្យថា "ប្រែក្លាយកំហឹងឈឺចាប់ពីការប្រកួត ចាញ់ទៅជាឈ្នះ"។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីពានរង្វាន់ ៧ មករា លើកទី២៣ ឆ្នាំ២០២៤នេះ មានវិញ្ញាសាសរុប ចំនួន ៧វិញ្ញាសារ៖ ១-វាយគូបុរសពិសេសអាយុ៣៥ឆ្នាំឡើង និង៥០ឆ្នាំឡើង ២-វាយគូបុរសអាយុ ៥០ឆ្នាំឡើង ៣-វាយគូបុរស អាយុពី ៤០ដល់ ៤៩ឆ្នាំ ៤-វាយគូបុរស អាយុ ១៩ ឆ្នាំឡើង ៥-វាយគូបុរសអាយុក្រោម ១៨ ឆ្នាំ ៦-វាយគូ នារី ៧-វាយគូចម្រុះ សម្រាប់ប្រាក់រង្វាន់ និងចំណាត់ថ្នាក់ លេខ១ ទទួលបានមេដាយមាស និងទឹកប្រាក់ ៣០០$+រ៉ាកែត២ដើម ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងទឹកប្រាក់២០០$ និងចំណាក់ថ្នាក់លេខ៣ និងលេខ៣ស្ទួន ទទួលបានមេដាយសំរឹទ្ធ និងទឹកប្រាក់១៥០$៕
0 comments:
Post a Comment