ខេត្តកណ្ដាល៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តផ្តល់ការ គាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សំដៅធានាឲ្យការបោះឆ្នោតទាំងមូលសម្រេចបានជោគជ័យ ប្រកបដោយបរិយាកាស សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និង នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និង សំណូមដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពខេត្ត មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
ក្នុកិច្ចប្រជុំនោះលោក ណុប ដារ៉ា បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក តែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៥៤ ស.ស.រ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ដោយកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោត។
លោក ផាន់ ឫទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានឲ្យដឹងថា៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ខេត្តកណ្តាលស្ថិតនៅមណ្ឌលភូមិភាគទី៣ មានចំនួន ៥ អាសនៈ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងចំនួន ១១រូប សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួន ៩១៥រូប និងស្ថានីយ៍បោះឆ្នោតមួយកន្លែងមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល មានអ្នកបោះឆ្នោតសរុប ៩២៦រូប ដែលមានការិយាល័យបោះឆ្នោត ចំនួន២គឺ៖ ការិយាល័យលេខ ៣០០១ ការិយាល័យលេខ ៣០០២ និងមានគណបក្សនយោបាយចំនួន ៤ ឈរឈ្មោះ៕
0 comments:
Post a Comment