ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ យកលេខរៀង ជូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឥទ្ធិពល ជំនន់ទឹកភ្លៀង នារដូវប្រាំងកន្លងមកចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ដែលមានជីវភាពក្រីក្រខ្វះខាតដី សម្រាប់សង់លំនៅឋាន ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយរកដីសង់លំនៅឋានជូនពួកគាត់ដែលអាចជួយធ្វើឱ្យស្ថានភាពនៃការរស់នៅ របស់ពួកគាត់បានប្រសើរឡើង។
អភិបាលរងខេត្តបានឱ្យដឹងទៀតថា៖ ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួន និងមានសិទ្ធប្រើប្រាស់ផ្តាច់មុខ និងទូលំទូលាយ ដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់។
លោក បានបញ្ជាក់ថា៖ ការចាប់ឆ្នោតនាពេលនេះ គឺជាការបង្ហាញពីតម្លាភាពក្នុងការទទួលបានដីឡូតិ៍លំនៅឋាន និងការបែងចែកដី សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតដីសាងសង់លំនៅឋាន ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ គិតគូរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត ក្នុងការជួយឲ្យជីវភាពប្រជាពលរដ្ឋបានប្រសើរថែមមួយកម្រិត៕
0 comments:
Post a Comment