ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ រីឯម៉ូតូរងការខូចខាតយ៉ាងដំណាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនបរទេសបើករថយន្តខ្វះការប្រុងប្រយ័ត្នរ៉េចង្គូតបុករះ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខការ៉ាស់សាំងតេលា ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BM-5522 ដោយគេដឹងថា អ្នកបើកបរជាជនជាតិឥណ្ឌូនេស៊ី បើកបរក្នុងទិសដៅពីរលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេង បណ្ដាលឲ្យបុករះម៉ូតូចំនួន ៣គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងផុតពីស្តុបបន្តិចក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅឯបន្ទីរពេទ្យបង្អែកប៉ោយប៉ែត រីឯម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះរងការខូចខាតយ៉ាងដំណំ ។ដោយឡែកម៉ូតូពីគ្រឿងទៀត រងការខូចខាតបន្តិចបន្តួច និងសិស្សសាលារងរបួសស្រាល ក្រោយពីកើតហេតុបានលើកម៉ូតូជិះធ្វើដំណើរបន្ត ។
ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការអន្តរាគមន៍និងវាស់វែងតាមជំនាញ រួចនាំយកមធ្យោបាយពាក់ព័ន្ធ រួមនឹងអ្នកបើកបររថយន្តបង្ក ទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នា តាមនីតិវិធីច្បាប់។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ត្រូវបានពលរដ្ឋនៅកន្លែងកើតហេតុលើកឡើងស្រដៀងៗគ្នាថា ករណីគ្រោះថ្នាក់ចរាចរណ៍ធំៗ ពោលគឺបណ្ដាលឲ្យខូចខាតនិងរងរបួសធ្ងន់ធ្ងរ ដែលកើតមានឡើងជាហូរហែរកន្លងមកនេះភាគច្រើនគឺបង្កឡើងដោយជនបរទេស ។ដូច្នេះពួកគាត់ស្នើឲ្យសមត្ថកិច្ច ពិនិត្យនិងសិក្សាលើផ្លូវច្បាប់ចំពោះជនបរទេស ដែលកំពុងបើកបរនៅលើផ្លូវសាធារណៈក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាផង ៕
0 comments:
Post a Comment