(បន្ទាយមានជ័យ)៖លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្តូរ ផ្ទេរភារកិច្ច ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងផ្សព្វផ្សាយបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ពិធីនេះបានធ្វេីឡេីងនៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយ-នាយរងសេនាធិការ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានស្រុក-ក្រុងទាំង៩ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចូលរួម ចំនួន១៥៧នាក់។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះមេបញ្ជាការរងប្រធានស្ថាប័ន អង្គភាពមូលដ្ឋាន ក្នុងកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមគោរពបទបញ្ជា និងអនុវត្តរាល់ការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រកបដោយឆន្ទៈ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន។
ជាមួយគ្នានោះ លោកមេបញ្ជាការ ក៏បានលេីកឡេីងថា ការអនុវត្តតួនាទី និងភារកិច្ច កងរាជអាវុធហត្ថឆ្នាំ២០២៣កន្លងមក កម្លាំងអាវុធហត្ថយើងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងការអនុវត្តច្បាប់ បទបញ្ជា បានល្អប្រសើរ។
ជាមួយគ្នានោះដែរលោកមេបញ្ជាការ បានផ្តាំផ្ញើដល់ប្រធានស្ថាប័នទាំងអស់ ត្រូវបន្តក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងជួយសង្គ្រោះប្រជាជន ក្នុងគ្រោះថ្នាក់ផ្សេងៗបន្តទៀត។
សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលត្រូវដំឡេីងឋាន្តរសក្តិ មានចំនួន៤១នាក់, តែងតាំង ផ្លាស់ប្តូរមុខដំណែង មានចំនួន៣៥ នាក់ ក្នុងនោះតែងតាំងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ចំនួន២រូប៖
១-លោក អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងមូលដ្ឋានក្រុងសិរីសោភ័ណ ត្រូវបានតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរ ភស្តុភារ។
២-លោក អនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការរងមូលដ្ឋានក្រុងប៉ោយប៉ែត ត្រូវបានផ្លាស់ប្តូរទៅជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោក វរសេនីយ៍ត្រី ជា ពិសី ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរ សម្ភារបច្ចេកទេសនិងផ្ទេរភារកិច្ចយោធិន នៃកងរាជអាវុធហត្ថចំនួនចំនួន១៨រូបបន្ថែមទៀតផងដែរ៕
0 comments:
Post a Comment