ខេត្តកណ្តាល៖ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តគោល នយោបាយ"ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព"នៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ចាក់ថា ឆ្លងតាមការពិនិត្យវាយតម្លៃអំពីសភាពការណ៍ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់តាំង អនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅទូទាំងខេត្ត ក្រុមប្រឹក្សាប្រឡងប្រណាំង បានកំណត់ចំណាត់ថ្នាក់ទាំង១២៧ ឃុំ-សង្កាត់ ដែលជាលទ្ធផលចំណាត់ថ្នាក់ប្រភេទ១ មាន ១១៣ឃុំ-សង្កាត់ ប្រភេទ២ មាន ១៤ឃុំ-សង្កាត់ ប្រភេទ ៣មិនមាន ហើយនៅទូទាំងខេត្តពុំមានប៉ុស្តិ៍នគរបាលរដ្ឋបាលណាគ្មានចំណាត់ថ្នាក់ឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀត៖ ក្នុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានការកើនឡើង៧២ករណី ក៏ប៉ុន្តែទោះបីជាបទល្មើសមានការកើនឡើងក៏ពិតមែន តែលទ្ធផលនៃការបង្ក្រាប ទទួលបានខ្ពស់គឺ ២២៣/២៤២ករណី ស្មើនឹង ៩២%។
ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែល បានខិតខំធ្វើឱ្យការងារប្រឡងប្រណាំងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ទន្ទឹមនិងនេះ ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕
0 comments:
Post a Comment