(បន្ទាយមានជ័យ)៖លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៩និង៣៣នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ចំណុចមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ភូមីន កិនខាំ ហៅ អឺត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២-ឈ្មោះ វង់សាថន ស្រីចាន់ ហៅ តេ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបតិការកម្លាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១០គ្រាប់ ទម្ងន់ ១,២៩ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកZoomer-X ពណ៌ក្រហមស ផ្លាកលេខ កំពង់ស្ពឺ1J-3050, ទូរស័ព្ទ ចំនួន ០២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខថា មានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងបានចុះទៅចំណុចខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅតុលាការ ហើយនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕
0 comments:
Post a Comment