(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងនៅវេលាម៉ោង១០និង៥៦នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ពានទី៤ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
១-ឈ្មោះ ពៅ សៀង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅបច្ចុប្បន្នភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ណាត សុភ័ក្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(រក្សាទុក ប្រើប្រាស់),៣-ឈ្មោះ ផេង រ៉ាវុធ ហៅ អាវុធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។វត្ថុតាងដកហូតបានរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៤ថង់កិប ទម្ងន់ ២២,៣៧ក្រាម, ម៉ូតូ ចំនួន ០៣គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា មុនពេលឈានដល់ការបង្រា្កបករណីខាលើនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅចំណុចខាងលេី។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ ឃើញជនសង្ស័យមានគ្នាចំនួន០៥នាក់កំពុងតែលក់ដូរគ្រឿងញៀន ហើយកម្លាំងក៏បានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ចំណែកជនសង្ស័យចំនួន០២នាក់ទៀតបានរត់គេចខ្លួនបាត់។ បន្ទាប់មកកម្លាំងបាននាំជនសង្ស័យទាំង៣នាក់ និងវត្ថុតាងដកហូត មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៣នាក់បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
0 comments:
Post a Comment